ឥណ្ឌូនេស៊ី បានបង្ហាញក្តីរំពឹងថានឹងអាចបញ្ចប់ការចុះហត្ថលេខាលើកម្ចីថ្មីចំនួន ៥៦០លានដុល្លារ ដែលបានពន្យាពេលជាយូរមកហើយ ជាមួយប្រទេសចិន ក្នុងអំឡុងវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ (BRF) នៅទីក្រុងប៉េកាំង នាសប្តាហ៍ក្រោយ ដោយចំនួនទឹកប្រាក់នេះ នឹងត្រូវយកទៅដោះស្រាយទៅលើការចំណាយ ដែលបានកើនឡើង នៅក្នុងគម្រោងផ្លូវរថភ្លើងល្បឿនលឿនរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ កាលពីដើមខែនេះ បានប្រកាសដាក់ឱ្យដំណើរការផ្លូវដែកមានតម្លៃប្រមាណ ៧,៣ពាន់លានដុល្លារ ដែលតភ្ជាប់ពីរដ្ឋធាទីហ្សាកាតា ទៅកាន់ទីក្រុង Bandung ដោយគម្រោងនេះត្រូវបានសាងសង់ឡើង ដោយការសហការគ្នា រវាងក្រុមហ៊ុនរដ្ឋរបស់ឥណ្ឌូនេស៊ី និងក្រុមហ៊ុនរដ្ឋរបស់ចិន ហើយបានប្រើប្រាស់ថវិកាលើសផែនការចំនួន ១,២ពាន់លានដុល្លារ។
ទន្ទឹមនឹងនេះ លោក Kartika Wirjoatmodjo អនុរដ្ឋមន្ត្រីនៃក្រសួងសហគ្រាសរដ្ឋ បានថ្លែងប្រាប់អ្នកយកព័ត៌មាន នៅពេលត្រូវបានសួរអំពីស្ថានភាពប្រាក់កម្ចីនេះថា ៖ “សប្តាហ៍ក្រោយ ប្រាក់កម្ចីនេះគួរតែត្រូវបញ្ចប់ហើយ” ។
លោក Kartika បានបន្ថែមទៀត ការចុះហត្ថលេខាប្រាក់កម្ចីថ្មីនេះ អាចនឹងត្រូវធ្វើឡើងក្នុងអំឡុងវេទិកា BRFនៅពេលដែលលោក វីដូដូ និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង ត្រូវបានគេរំពឹងថានឹងសម្ពោធដាក់ឱ្យដំណើរការជាលក្ខណ:ពាណិជ្ជកម្ម សម្រាប់រថភ្លើងល្បឿនលឿននេះ តាមរយ:ប្រព័ន្ធអនឡាញ។
ជម្រាបជូនផងដែរថា ប្រាក់កម្ចីថ្មីនេះ គឺបន្ថែមពីលើប្រាក់កម្ចីចាស់ កាលពីឆ្នាំ ២០១៧ ដែលមានចំនួន ៤,៥៥ពាន់លានដុល្លារ ដែលត្រូវបានធនាគារអភិវឌ្ឍចិន អនុម័តសម្រាប់ក្រុមហ៊ុនសាងសង់ផ្លូវដែកនេះ។ ប្រាក់កម្ចីចាស់នោះ គឺមានសុពលភាពរយៈពេល ៤០ ឆ្នាំ ជាមួយនឹងរយៈពេលអនុគ្រោះរយៈពេល ១០ ឆ្នាំ និងអត្រាការប្រាក់ ២% ក្នុងមួយឆ្នាំ៕