យោងតាមការិយាល័យស្ថិតិឡាវ បានបង្ហាញឱ្យដឹងថា អត្រាអតិផរណាក្នុងប្រទេសរបស់ខ្លួនបានធ្លាក់ចុះត្រឹមតែ ២៥,៧% ប៉ុណ្ណោះ នៅក្នុងខែកញ្ញា ពីកម្រិត ២៥,៩% នៅក្នុងខែសីហា ដែលនេះគឺជាការធ្លាក់ចុះតិចតួចបំផុត ក្នុងរយ:ពេល ១២ ខែកន្លងមកនេះ។
តាមការចុះផ្សាយពីសារព័ត៌មាន VNA បានបង្ហាញថា ការធ្លាក់ចុះខ្សោយនៃប្រាក់គីបរបស់ឡាវ គឺជាមូលហេតុចម្បងដែលជំរុញឱ្យមានកំណើនអតិផរណាខ្ពស់ នៅក្នុងប្រទេសនេះ ដោយសារតែមួយភាគបីនៃទំនិញ ដែលរួមបញ្ចូលក្នុងការគណនាតម្លៃនេះ គឺជាការនាំចូល។
នៅក្នុងខែកញ្ញា ការឡើងនៃតម្លៃទំនិញប្រើប្រាស់ ត្រូវបានជំរុញជាចម្បងដោយសេវាសណ្ឋាគារ និងភោជនីយដ្ឋាន ដែលបានកើនឡើង ៣៤,៤% ខណ:សម្លៀកបំពាក់ និងស្បែកជើង កើនឡើង ២៩,៧% អាហារ និងភេសជ្ជ:គ្មានជាតិអាល់កុល កើនឡើង ២៩,៤% ទំនិញប្រើប្រាស់ក្នុងផ្ទះ កើនឡើង ២៤,៣% និងគ្រឿងស្រវឹង ថ្នាំជក់ កើនឡើង ២៣,៤% ។
លើសពីនេះទៅទៀត សម្រាប់សេវាកម្មថែទាំងសុខភាព និងថ្នាំពេទ្យ បានកើនឡើង ២១,៥ ខណ:សេវាកម្មទំនាក់ទំនង និងការដឹកជញ្ជូន ក៏បានកើនឡើងដល់ ២០,៧% ផងដែរ។
ជុំវិញបញ្ហានេះ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ បានសហការជាមួយក្រុមហ៊ុនក្នុងស្រុកជាច្រើន ដើម្បីលក់ទំនិញប្រើប្រាស់ទូទៅក្នុងតម្លៃទាប ដែលនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការកាត់បន្ថយផលប៉ះពាល់នៃការកើនឡើងតម្លៃម្ហូបអាហារ។
ជម្រាបជូនផងដែរថា នៅក្នុងកិច្ចប្រជុំទូទៅរបស់រដ្ឋាភិបាល សម្រាប់ខែកញ្ញា នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone ក៏បានលើកឡើងពីវិធានការផ្សេងៗ ដើម្បីដោះស្រាយទៅបញ្ហាអតិផរណា និងអត្រាប្តូរប្រាក់ ផងដែរ៕