សហភាពអឺរ៉ុប កំពុងរៀបចំផែនការប្រកាសពីការស៊ើបអង្កេត ប្រឆាំងនឹងការឧបត្ថម្ភធន ដល់ក្រុមផលិតផលិតដែកចិន នៅក្នុងកិច្ចប្រជុំមួយនៅសហរដ្ឋអាមេរិកនាខែនេះ។ នេះបើតាមការចុះផ្សាយពីកាសែត Financial Times។
ប្រភពដដែលបន្ថែមថា EU បានឯកភាពជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីងតោន ជុំវិញការការពារឧស្សាហកម្មរបស់ខ្លួន ពីការប្រកួតប្រជែងតម្លៃទាបហួសហេតុរបស់ចិន។
គួររំលឹកដែរថា កាលពីខែកញ្ញា សហភាពអឺរ៉ុបបានបើកការស៊ើបអង្កេតមួយ ទាក់ទងនឹងការដាក់ពន្ធពិន័យទៅលើក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន ដោយចោទថា តម្លៃប្រកួតប្រជែងរបស់ក្រុមហ៊ុនចិន មានតម្លៃទាបពេក ធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ក្រុមហ៊ុនក្នុងស្រុក។
ជាមួយគ្នានេះ រដ្ឋាភិបាលក្រុងប៉េកាំងក៏បានចេញមុខប្រតិកម្ម ដោយអះអាងថា អឺរ៉ុបកំពុងដាក់គំនាបមកលើខ្លួន និងសំណូមពរឲ្យការដាក់ពិន័យមានភាពអព្យាក្រឹត្យ ដើម្បីកុំឲ្យទំនាក់ទំនងភាពជាដៃគូរវាងភាគីទាំងសងខាង មានភាពល្អក់កករ៕