នៅថ្ងៃអង្គារ ទី១០ ខែតុលានេះ ការសិក្សាស្រាវជ្រាវបានបង្ហាញថា ឧស្សាហកម្មធ្យូងថ្មសកលអាចនឹងត្រូវកាត់បន្ថយការងារជិត ១លាននាក់ ត្រឹមឆ្នាំ២០៥០ខាងមុខ បើទោះបីជាមិនទាន់មានការអនុម័តបញ្ឈប់រាល់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលបន្តទៀតក៏ដោយ។ នេះបើយោងទៅតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។
អ្នកស្រី Dorothy Mei ជាអ្នកគ្រប់គ្រងលើកម្មវិធីតាមដានទិន្នន័យ Global Coal Mine Tracker របស់អង្គការ GEM បាននិយាយថា ការបិទអណ្តូងរ៉ែធ្យូងថ្មគឺជារឿងដែលជៀសមិនរួចនោះទេ ប៉ុន្តែរដ្ឋាភិបាលចាំបាច់ត្រូវបង្កើតផែនការដើម្បីធានាបានថា កម្មករមិនទទួលរងផលប៉ះពាល់ពីការផ្លាស់ប្តូរប្រភពថាមពលនេះឡើយ។
ក្នុងនោះផងដែរ GEM បានពិនិត្យមើលលើគម្រោងអណ្តូងរ៉ែធ្យូងថ្មសកម្មចំនួន ៤ ៣០០កន្លែងនៅជុំវិញពិភពលោក ដែលគ្របដណ្តប់លើកម្លាំងពលកម្មសរុបជិត ២,៧លាននាក់ និងបានរកឃើញថាកម្មករប្រមាណជាង ៤០០ ០០០នាក់ត្រូវបានកំណត់ឱ្យបញ្ឈប់ប្រតិបត្តិការការងាររបស់ខ្លួនមុនឆ្នាំ ២០៣០ ។
បន្ថែមពីនោះ GEM ក៏បានព្យាករណ៍ដែរថា ក្នុងចំណោមមនុស្ស ១លាននាក់ ដែលប្រឈមនឹងការបាត់បង់ការងារ ក្នុងឧស្សាហកម្មធ្យូងថ្មទូទាំងសកលោកនាឆ្នាំ២០៥០ ប្រជាជនចិនអាចនឹងមានចំនួនច្រើនបំផុត ពោលគិតតែក្នុងខេត្ត Shanxi កម្មករច្រើនជាង ២៤០ ០០០នាក់ នឹងរងផលប៉ះពាល់ ខណៈកម្មកររ៉ែធ្យូងថ្មនៅចិននាពេលបច្ចុប្បន្នមានចំនួន ១,៥លាននាក់ និងជាឧស្សាហកម្មធ្យូងថ្មធំបំផុតលើលោក។
សូមជម្រាបថា ឧស្សាហកម្មអណ្តូងរ៉ែដែលពឹងផ្អែកលើកម្លាំងពលកម្មរបស់មនុស្សរាប់លាននាក់ ត្រូវបានគេរំពឹងថានឹងបិទនាទសវត្សខាងមុខ ខណៈពេលដែលវាបានឈានដល់ទីបញ្ចប់នៃយុគសម័យធ្យូងថ្ម ដោយប្រទេសនានាបានប្តូរមកប្រើប្រាស់ប្រភពថាមពលដែលបំភាយឧស្ម័នកាបូនទាបជាងមុន៕