នាថ្ងៃទី១១ ខែតុលានេះ ក្រុមហ៊ុន Samsung Electronics បានរាយការណ៍ពីការខាតបង់នៃប្រាក់ចំណេញក្នុងត្រីមាសទី៣ ប្រមាណ ៧៨% បណ្ដាលមកពីតម្រូវការបន្ទះឈីបអង្គចងចាំ ទូទាំងពិភពលោកកំពុងមានការថយចុះ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានរាយការណ៍ថា ក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំ និងទូរស័ព្ទឆ្លាតវៃធំបំផុតលើលោកបានព្យាករណ៍ថា ប្រាក់ចំណេញនៅត្រីមាសទី៣ របស់ខ្លួន អាចធ្លាក់មកនៅត្រឹម ២,៤ទ្រីលានវ៉ុន ឬប្រមាណ ១,៨ពាន់លានដុល្លារ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ដែលរកបាន ១០,៨៥ទ្រីលានវ៉ុន។
បើទោះជាទិន្នន័យខាងលើ មានការថយចុះខ្លាំងបើធៀបនឹងឆ្នាំទៅ ប៉ុន្តែបើមើលពីស្ថានការណ៍នៅក្នុងឆ្នាំនេះ ប្រាក់ចំណេញនាត្រីមាសទី៣ របស់ Samsung បង្ហាញសញ្ញាវិជ្ជមានខ្លាំង ធៀបនឹង ២ត្រីមាសដំបូងនាឆ្នាំនេះ។
ប្រាក់ចំណេញនាត្រីមាសទី១ របស់ Samsung គឺជាការរកប្រាក់បានទាបបំផុតតាំងពីឆ្នាំ២០០៩ ដោយរកបានត្រឹម ៦៤០ពាន់លានវ៉ុន ខណៈនាត្រីមាសទី២ រកបាន ៦៧០ពាន់លានវ៉ុន ដែលបណ្ដាលឲ្យក្រុមហ៊ុនខាតបង់ជិត ៩ទ្រីលានវ៉ុន ក្នុងរយៈពេលកន្លះឆ្នាំដំបូងនៃឆ្នាំនេះ៕