រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក អ្នកស្រី Janet Yellen បាននិយាយកាលពីថ្ងៃទី១០ ខែតុលាថា សុំឲ្យអង្គភាពធំៗដូចជា មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF និងធនាគារពិភពលោក បង្កើនវិធានការ គាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងវិបត្តិសកលោកដូចជា បម្រែបម្រួលអាកាសធាតុ និងភាពក្រីក្រជាដើម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

រដ្ឋមន្ត្រីជាន់ខ្ពស់អាមេរិករូបនេះបាននិយាយថា៖ វាត្រូវតែមានការផ្លាស់ប្ដូរជាថ្មី ដើម្បីប្រយុទ្ធនឹងបញ្ហាសកលលោក ដែលកំពុងកើនមាននាពេលបច្ចុប្បន្ន ព្រោះបើចង់សម្រេចបានការអភិវឌ្ឍន៍ជឿនលឿន យើងត្រូវតែបញ្ចប់បញ្ហាបម្រែបម្រួលអាកាសធាតុជាមុនសិន។
ជាមួយគ្នានេះ ប្រធានធនាគារពិភពលោក លោក Ajay Banga ក៏បានបង្ហើបដែរថា ធនាគារពិភពលោកកំពុងសិក្សាជុំវិញបញ្ហាទាំងនេះ ហើយអាចនឹងបង្កើនការផ្ដល់ប្រាក់កម្ចីរហូតដល់ ១២៥ពាន់លានដុល្លារ ទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍នានា៕