រដ្ឋាភិបាលថៃ គ្រោងដកក្រុមអ្នកមាន ចេញពីផែនការផ្តល់លុយឌីជីថលរបស់ខ្លួន

អន្តរជាតិ

អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Julapun Amornvivat បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថា រដ្ឋាភិបាល កំពុងពិចារណាកែសម្រួលផែនការផ្តល់លុយឌីជីថល ១០ ០០០បាត សម្រាប់ពលរដ្ឋម្នាក់ៗ របស់ខ្លួន ដោយនឹងមិនរាប់បញ្ចូលក្រុមអ្នកមាននោះឡើយ។ នេះបើតាមការចុះផ្សាយពីសែត Bangkok Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



សំណើនេះត្រូវកើតឡើងចំពេលដែលរដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីថ្មី លោក Srettha Thavisin បាននិងកំពុងការពារគោលនយោបាយស្តារសេដ្ឋកិច្ចរបស់ខ្លួន បន្ទាប់ពីមានក្រុមអ្នករិះគន់ បាននិយាយថា ការចំណាយលើផែនការផ្តល់លុយឌីជីថល ដែលមានចំនួនសរុបប្រមាណ ៥៦០ពាន់លានបាត ហាក់ជាចំនួនច្រើនលើសលប់ពេក។

ជុំវិញការលើកឡើងបែបនេះ លោក Julapun បាននិយាយថា គណៈកម្មាធិការគ្រប់គ្រងការផ្តល់ជូនលុយឌីជីថល នឹងធ្វើការពិចារណាឡើងវិញ ទៅលើការកែសម្រួលគ្រោងការណ៍នេះ ដើម្បីដកក្រុមអ្នកមានទ្រព្យសម្បត្តិចេញពីផែនការ ដូចដែលអ្នករិះគន់មួយចំនួនបានស្នើឡើង។

លោក Julapun បានបន្ថែមទៀតថា គម្រោង​នេះ​នឹង​នៅ​តែ​ផ្តោត​លើ​ក្រុមពលរដ្ឋ​ងាយ​រងគ្រោះ និង​អ្នក​មាន​ប្រាក់​ចំណូល​ទាប បើ​ទោះ​ជា​ពលរដ្ឋដែល​មាន​ជីវភាព​ធូរធារ​ មិន​ត្រូវ​បាន​គេ​រាប់​បញ្ចូល​ក៏​ដោយ។

ជម្រាបជូនផងដែរថា គណបក្សភឿថៃ បានស្នើឱ្យមានផែនការផ្តល់លុយឌីជីថល ១០ ០០០បាត ដល់ប្រជាជនថៃពេញវ័យទាំងអស់ ដែលមានអាយុលើសពី ១៦ ឆ្នាំ ខណ:ផែនការនេះ ត្រូវបានគេមើលឃើញថាជាមធ្យោបាយដ៏សំខាន់មួយ ដើម្បីបង្កើនសាច់ប្រាក់ចរាចរនៅក្នុងចរន្តសេដ្ឋកិច្ច និងថែមទាំងអាចផ្តល់កំណើនសេដ្ឋកិច្ច ៥% ផងដែរ ប្រសិនបើកម្មវិធីនេះដំណើរការដូចការរំពឹងទុកនោះ ៕