ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ បាននិយាយនៅក្នុងកិច្ចប្រជុំគណ:រដ្ឋមន្ត្រីកាលពីថ្ងៃទី៩ ខែតុលាថា រដ្ឋាភិបាលឥណ្ឌូនេស៊ី គ្រោងនឹងបង្កើនការនាំចូលស្បៀងអាហារបន្ថែម ពិសេសពោត ស្ករ និងអង្ករ ដើម្បីទប់ស្កាត់ការឡើងថ្លៃម្ហូបអាហារនៅក្នុងស្រុក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយបន្ទាប់ពីកិច្ចប្រជុំ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ី លោក Zulkifli Hasan បានសង្កត់ធ្ងន់ថា តម្លៃស្ករ និងពោត នៅក្នុងស្រុក កំពុងមានការកើនឡើងជាលំដាប់ ដោយសារស្ថានភាពពិភពលោកបច្ចុប្បន្ន ដូចជាជម្លោះ និងបាតុភូតរាំងស្ងួត El Nino ជាដើម។
លោក Zulkifli បានបន្តទៀតថា ឥណ្ឌូនេស៊ី មានផែនការនាំចូលពោតចំនួន ២៥០ ០០០ តោនសម្រាប់ប្រើប្រាស់ នៅក្នុងឧស្សាហកម្មចំណីសត្វ ស្របពេលការនាំចូលស្ករ នឹងត្រូវរង់ចាំឱ្យតម្លៃធ្លាក់ចុះបន្តិចសិន មុននឹងសម្រេចចិត្តនាំចូលបន្ថែម។
ទន្ទឹមនឹងនេះ រដ្ឋាភិបាលឥណ្ឌូនេស៊ី ក៏កំពុងសហការជាមួយប្រទេសមួយចំនួន ក្នុងការទិញចូលអង្ករបន្ថែមទៀតផងដែរ ប្រសិនបើចាំបាច់ ដោយប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ គ្រោងនឹងនាំចូលអង្ករបន្ថែមចំនួន ១,៥ លានតោន ដើម្បីបង្កើនទុនបម្រុងអង្ករជាតិរបស់ខ្លួន ដែលមានត្រឹមតែ ១,៧ លានតោន គិតត្រឹមថ្ងៃទី៦ ខែតុលានេះ៕