ប្រធានាធិបតីតៃវ៉ាន់៖ តៃវ៉ាន់​តែងតែស្វែងរក​ការ​រួមរស់​ជាមួយ​ចិនដោយ​សន្តិភាព​ និងគ្មានការរឹតត្បិត

អន្តរជាតិ

ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បាននិយាយនៅថ្ងៃបុណ្យជាតិតៃវ៉ាន់កាលពីថ្ងៃអង្គារ ទី១០ ខែតុលាថា តៃវ៉ាន់បានស្វែងរកការរួមរស់ប្រកបដោយសន្តិភាពជាមួយប្រទេសចិន ដែលអាចមានទំនាក់ទំនងដោយសេរី និងគ្មានការរឹតត្បិត។ នេះបើយោងទៅតាមការចុះផ្សាយពីសារព័ត៌មាន​ CNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី Tsai មិនអាចឈរឈ្មោះអោយគេបោះឆ្នោតជាប្រធានាធិបតីម្តងទៀតទេ នាខែមករាខាងមុខនេះ ដោយសារតែបានកាន់តំណែងអស់រយៈពេល២អាណត្តិហើយ ខណៈកន្លងមកលោកស្រីតែងតែលើកពីសំណើជជែកគ្នាជាមួយចិនដោយសន្តិភាព ប៉ុន្តែត្រូវបានបដិសេធ ដោយសារចិនចាត់ទុកលោកស្រីថាជាជនបំបែកខ្លួន

ថ្លែងនៅមុខការិយាល័យប្រធានាធិបតី លោកស្រី Tsai បាននិយាយថា កម្លាំងនៃការគាំទ្ររបស់អន្តរជាតិមកលើតៃវ៉ាន់ បានឈានដល់កម្រិតខ្ពស់មិនធ្លាប់មានពីមុនមក មួយវិញទៀត នេះជាពេលវេលាដែលយើងអាចប្រឈមមុខនឹងពិភពលោកប្រកបដោយទំនុកចិត្ត ក៏ដូចជាអាចធានាបានដោយខ្លួនឯងក្នុងការប្រឈមមុខនឹងប្រទេសចិន ក្រោមការបង្កើតលក្ខខណ្ឌសម្រាប់ការរួមរស់ប្រកបដោយសន្តិភាព និងការអភិវឌ្ឍន៍នាពេលអនាគតនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។

ប្រធានាធិបតីរូបនេះបានបន្ថែមថា វាជាកាតព្វកិច្ចរបស់លោកស្រីក្នុងកិច្ចការពារអធិបតេយ្យភាព និងលទ្ធិប្រជាធិបតេយ្យរបស់តៃវ៉ាន់និងបែបបទរស់នៅពោរពេញដោយសេរីភាព ដោយស្វែងរកទំនាក់ទំនងទៅវិញទៅមកគ្មានបន្ទុក គ្មានការរឹតត្បិត និងមានសេរីភាពរវាងប្រជាជនតៃវ៉ាន់និងប្រជាជនចិន។ 

សូមជម្រាបថា ប្រទេសចិនតែងតែទាមទារថាតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ខណៈកោះនេះបានស្ថិតនៅក្រោមសម្ពាធផ្នែកយោធា និងនយោបាយកាន់តែខ្លាំងឡើងៗពីរដ្ឋាភិបាលទីក្រុងប៉េកាំង រួមទាំងការធ្វើសមយុទ្ធយោធាធំៗពីរលើករបស់ចិននៅជិតកោះនេះ ចាប់តាំងពីខែសីហាឆ្នាំមុនមក ដែលវាកាន់តែបង្កហានិភ័យនៃការផ្ទុះសង្គ្រាមនាពេលខាងមុខ៕