កាលពីថ្ងៃទី១១ ខែតុលា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានធ្វើដំណើរទៅប្រទេសអ៊ីស្រាអែល ដើម្បីបង្ហាញពីឆន្ទៈគាំទ្រ ក៏ដូចជាទប់ស្កាត់ការរីករាលដាលនៃសង្គ្រាម បន្ទាប់ពីទទួលបានដំណឹងថា មានការវាយប្រហារទៅលើប្រជាជន ដែលក្រុមឧទ្ទាមប៉ាឡេស្ទីនបានចាប់ជាចំណាប់ខ្មាំង។
យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានរាយការណ៍ថា ក្នុងដំណើរទស្សនកិច្ចមួយនេះ ប្រមុខការទូតអាមេរិកមានគម្រោងចូលជួបជាមួយរដ្ឋមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលច្រើនរូប រួមទាំងនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ដើម្បីជជែកគ្នាពីការផ្ដល់ជំនួយផ្នែកយោធាបន្ថែមផងដែរ។
“ខ្ញុំសូមនិយាយខ្លីៗថា សហរដ្ឋអាមេរិក គឺគាំទ្រយ៉ាងខ្លាំងចំពោះសកម្មភាពរបស់អ៊ីស្រាអែល”។ នេះបើតាមសម្ដីរបស់លោក Blinken បានប្រាប់ទៅកាន់បណ្ដាញសារព័ត៌មាន មុនពេលឡើងយន្តហោះទៅកាន់ប្រទេសអ៊ីស្រាអែល។
គួររំលឹកបន្តិចថា ក្រុមសកម្មប្រយុទ្ធហាម៉ាសរបស់ប៉ាឡេស្ទីន បានបើកការវាយឆ្មក់ទៅលើអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន និងបានសម្លាប់មនុស្សយ៉ាងរង្គាល ខណៈមហាអំណាចលោកខាងលិចជាច្រើន បានចេញមុខថ្កោលទោសទៅលើប៉ាឡេស្ទីនយ៉ាងខ្លាំង ចំពោះទង្វើមួយនេះ៕