ទីបំផុត ចិនឯកភាពលើសំណើរៀបចំរចនាសម្ព័ន្ធបំណុលរបស់ស្រីលង្កាឡើងវិញ

អន្តរជាតិ

កាលពីថ្ងៃទី១១ ខែតុលម្សិលមិញ ប្រទេសស្រីលង្កាបានអះអាងថា រដ្ឋាភិបាលចិនបានយល់ព្រម​លើសំណើ​រៀបចំរចនាសម្ព័ន្ធបំណុលរបស់ពួកគេឡើងវិញ បន្ទាប់ពីប្រទេសដីកោះមួយនេះ ជួបវិបត្តិសេដ្ឋកិច្ចអាក្រក់បំផុត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថា រដ្ឋាភិបាលក្រុងប៉េកាំង គឺជាម្ចាស់បំណុលធំបំផុតរបស់ស្រីលង្កា ពោលគឺមានចំណែករហូតដល់ ៥២% នៃបំណុលសរុបដែលស្រីលង្កាមាន។

ការយល់ស្របរបស់ចិនមួយនេះ បានធ្វើឲ្យមូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF មានការ​ភ្ញាក់ផ្អើលជាខ្លាំង ព្រោះស្រីលង្កាកាន់តែមានភាគរយខ្ពស់ក្នុងការទទួលបានកញ្ចប់ជំនួយ ប្រមាណជិត ៣ពាន់លានដុល្លារ ពី IMF ក្រោយម្ចាស់បំណុលធំៗយល់ព្រម​លើសំណើរៀបចំរចនាសម្ព័ន្ធបំណុលរបស់ខ្លួនឡើងវិញ។

គួររំលឹកបន្តិចថា រដ្ឋាភិបាលស្រីលង្កាបានប្រកាសពីការក្ស័យធន បន្ទាប់ពីមិនមានលទ្ធភាពសង​បំណុលប្រមាណ ៤៦ពាន់លានដុល្លារ ចំពេលស្បៀងអាហារ និងឥន្ធនៈនៅក្នុងប្រទេស ជួបការខ្វះខាត បណ្ដាលឲ្យប្រជាជនស្រីលង្កាប្រហែល ២២លាននាក់ ជួបការលំបាកជាខ្លាំង៕