ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំប្រទេសចិន បានស្នើសុំឲ្យរដ្ឋាភិបាលក្រុងប៉េកាំង ចេញមុខនិយាយជាមួយអ៊ីរ៉ង់ ដើម្បីឲ្យពួកគេចេញមកអន្តរាគមន៍ចំពោះបញ្ហាសង្គ្រាមដែលកំពុងផ្ទុះនៅក្នុងប្រទេសអ៊ីស្រាអែល។

យោងតាមការចុះផ្សាយពីកាសែត Bangkokpost បានបង្ហាញថា អ៊ីស្រាអែល ចង់ឲ្យចិន និងអ៊ីរ៉ង់ ដាក់គំនាបទៅលើក្រុមហាម៉ាសរបស់ប៉ាឡេស្ទីន ដ្បិតពួកគេអះអាងថា អ៊ីរ៉ង់ក៏រួមចំណែកយ៉ាងធំផងដែរ ចំពោះបញ្ហាសង្គ្រាមដែលកំពុងកើតមាននាពេលនេះ។
“ពួកយើងសង្ឃឹមថា ចិននឹងអាចចូលរួមដោះស្រាយបញ្ហាមួយនេះ ដោយជជែកជាមួយសម្ព័ន្ធមិត្តរបស់ពួកគេនៅតំបន់មជ្ឈិមបូព៌ា ជាពិសេសគឺអ៊ីរ៉ង់ ដែលរួមចំណែកខ្លាំង ក្នុងការធ្វើឲ្យសង្គ្រាមផ្ទុះឡើង”។ នេះបើតាមសម្ដីរបស់លោកស្រី Irit Ben-Abba បានប្រាប់ទៅកាន់សារព័ត៌មាន Bloomberg TV។
សូមជម្រាបដែរថា កន្លងមកក្រសួងការបរទេសចិនបានបង្ហាញក្ដីបារម្ភ និងសោកសៅចំពោះហេតុការណ៍ ដែលកំពុងកើតមាននៅអ៊ីស្រាអែល ប៉ុន្តែពួកគេមិនបានចេញលិខិតថ្កោលទោស ចំពោះទង្វើរបស់ក្រុមឧទ្ទាមប៉ាឡេស្ទីនឡើយ ដោយចិនអះអាងថា ខ្លួនគឺជាមិត្តរបស់ប្រទេសទាំង ២ ប៉ុណ្ណោះ៕