ក្រុមហ៊ុន Amkor Technology ដែលផ្តល់សេវាកម្មផ្នែកបន្ទះឈីប semiconductor កាលពីថ្ងៃពុធ ទី១១ ខែតុលា បានបើកដំណើរការរោងចក្រថ្មីតម្លៃ ១,៦ពាន់លានដុល្លារ នៅក្នុងខេត្ត Bac Ninh ភាគខាងជើងប្រទេសវៀតណាម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។
បើតាមថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ បានបង្ហាញឱ្យដឹងថា នេះជារោងចក្រដ៏ធំបំផុតមិនធ្លាប់មានរបស់ Amkor ដែលលាតសន្ធឹងលើផ្ទៃដីដល់ទៅ ២៣ ហិកតា ហើយរោងចក្រនេះ នឹងមានសមត្ថភាពពិសេសៗ ដោយចាប់ពីការរចនា រហូតដល់ការធ្វើតេស្តផលិតផលបន្ទះឈីប semiconductor សម្រាប់ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកធំៗ លើពិភពលោក។
រោងចក្រនេះ នឹងជួយរួមចំណែកដល់ការអភិវឌ្ឍប្រព័ន្ធអេកូអេឡិចត្រូនិក នៅក្នុងប្រទេសវៀតណាម ដោយវាក៏នឹងអាចផ្តល់ការងារដល់កម្មករប្រហែល ១០ ០០០ នាក់ នៅពេលដែលរោងចក្រដំណើរការពេញលេញ។
ជម្រាបជូនផងដែរថា ខេត្ត Bac Ninh បានប្រែក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យាដ៏ធំរបស់ប្រទេសវៀតណាម ដោយក្រុមហ៊ុនធំៗជាច្រើនដូចជា Foxconn, Samsung និង Canon សុទ្ធតែបានមកសាងសង់រោងចក្ររបស់ខ្លួន នៅទីនោះ៕