កាលពីថ្ងៃពុធ ទី១១ ខែតុលា ក្រុមហ៊ុន Microsoft បាននិយាយនៅក្នុងលិខិតជាផ្លូវការមួយថា ខ្លួនបានទទួលការជូនដំណឹងថ្មីស្តីពី ទឹកប្រាក់ដែលត្រូវបង់ពន្ធបន្ថែមចំនួន ២៨,៩ ពាន់លានដុល្លារ ដែលអង្គភាពសេវាកម្មចំណូលផ្ទៃក្នុង (IRS) បានចោទថាខ្លួនមិនបានបង់ពន្ធកាលពីចន្លោះឆ្នាំ ២០០៤ ដល់ ២០១៣។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC ។
ក្រុមហ៊ុន Microsoft បាននិយាយថា រឿងនេះកើតឡើងដោយសារវាទាក់ទងនឹងប្រាក់ចំណេញរបស់ក្រុមហ៊ុន រវាងប្រទេស និងយុត្តាធិការអំឡុងឆ្នាំ ២០០៤ និង ២០១៣ ដែលកាលនោះខ្លួនបានបង់ពន្ធ ដល់ទៅប្រមាណ ១០ពាន់លានដុល្លាររួចមកហើយ ក៏ប៉ុន្តែពន្ធនេះវាមិនស្ថិតនៅក្នុងការកែតម្រូវដែលបានស្នើឡើងដោយ IRS នោះទេ។
ក្រុមហ៊ុនបានបន្ថែមថា ពួកយើងមិនយល់ស្របនូវអ្វីដែល IRS បានស្នើឡើងឡើយ ក៏ប៉ុន្តែយើងជឿជាក់យ៉ាងមុតមាំថា ក្រុមហ៊ុនតែងតែអនុវត្តតាមច្បាប់របស់ IRS និងបានបង់ពន្ធដែលយើងជំពាក់រួចរាល់នៅសហរដ្ឋអាមេរិក ក៏ដូចជានៅជុំវិញពិភពលោក។
ជាមួយគ្នាផងដែរ ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ គ្រោងនឹងដាក់ពាក្យបណ្តឹងទៅកាន់សាលាឧទ្ធរណ៍ ជុំវិញផ្នែករដ្ឋបាលរបស់ IRS ដែលបានចោទមកលើក្រុមហ៊ុនខ្លួន ខណៈក្រុមហ៊ុនសង្កត់ធ្ងន់ថា ប្រសិនបើក្នុងករណីមិនអាចដោះស្រាយបានទៀត នោះនឹងអាចឈានទៅការកាត់ក្តីនៅឯតុលាការ។
ដោយឡែក Microsoft បានបញ្ចាក់ពីការបង់ពន្ធរបស់ខ្លួនទៅកាន់រដ្ឋាភិបាលសហរដ្ឋអាមេរិក បានជាង ៦៧ពាន់លានដុល្លាររួចមកហើយ ចាប់តាំងពីឆ្នាំ២០០៤ មកទល់នឹងបច្ចុបន្ននេះ៕