តូចតែខ្លឹម អ៊ីស្រាអែល ជាប្រទេសអភិវឌ្ឍទទួលបានភាពជោគជ័យផ្នែកសេដ្ឋកិច្ចធំបំផុតទី៤

អន្តរជាតិ

ថ្វីត្បិតជាប្រទេសដីតូច និងមានប្រជាជនរស់នៅត្រឹម ៩,៧ លាននាក់ តែអ៊ីស្រាអែល ត្រូវបានចាត់ទុកថាជាប្រទេសដែលមានសេដ្ឋកិច្ចធំ និងមានការអភិវឌ្ឍខ្លាំងបំផុតមួយ នៅលើពិភពលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ អ៊ីស្រាអែល ត្រូវបានក្រុមសេដ្ឋវិទូ ចាត់ចំណាត់ថ្នាក់ថាជាប្រទេសអភិវឌ្ឍ ដែលទទួលបានភាពជោគជ័យផ្នែកសេដ្ឋកិច្ចធំបំផុតទី៤ ក្នុងក្នុងចំណោមប្រទេសអភិវឌ្ឍផ្សេងទៀត សម្រាប់ឆ្នាំ ២០២២ ខណ:របាយការណ៍ពីមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានប៉ាន់ប្រមាណទៀតថា GDP របស់អ៊ីស្រាអែល មានចំនួន ៥៦៤ពាន់លានដុល្លារ និងផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ មានចំនួន ៥៨ ២៧០ ដុល្លារ គិតក្នុងឆ្នាំ ២០២៣ ពោលគឺជាកម្រិតខ្ពស់បំផុតទី១៣ នៅលើពិភពលោក។

អ៊ីស្រាអែល ក៏ត្រូវបានចាត់ទុកថាជាប្រទេសនាំចេញអាវុធធំជាងគេទី៩ នៅលើពិភពលោក ហើយក៏ជាប្រទេសដែលមានមហាសេដ្ឋីច្រើនជាងគេបំផុត ប្រចាំនៅតំបន់មជ្ឈិមបូព៌ាផងដែរ ដោយជាប់ចំណាត់ថ្នាក់ទី១៨ នៅលើពិភពលោក។

ភាពចម្រុងចម្រើននៃសេដ្ឋកិច្ចជឿនលឿនរបស់អ៊ីស្រាអែល បានអនុញ្ញាតឱ្យប្រទេសនេះ មានសមត្ថភាពប្រកួតប្រជែងជាមួយបណ្តាប្រទេសលោកខាងលិចជាច្រើន ជាពិសេសទៅលើវិស័យយោធា កសិកម្ម និងបច្ចេកវិទ្យា។

គួរឱ្យដឹងថា ទំនិញនាំចេញសំខាន់ៗរបស់អ៊ីស្រាអែល មានដូចជា​ឧបករណ៍​កាត់ពេជ្រ ប្រេងចម្រាញ់ ឱសថ គ្រឿងចក្រ ឧបករណ៍វេជ្ជសាស្ត្រ គ្រឿងបន្លាស់កុំព្យូទ័រ ផលិតផលកសិកម្ម សារធាតុគីមី វាយនភ័ណ្ឌ និងសម្លៀកបំពាក់ ខណ:ដៃគូនាំចេញសំខាន់ៗ មានដូចជា សហរដ្ឋអាមេរិក , ចិន , ប៉ាឡេស្ទីន ​, ឥណ្ឌា , អាល្លឺម៉ង់ , អៀរឡង់ , ចក្រភពអង់គ្លេស , ហូឡង់ តួកគី និង តៃវ៉ាន់ ។

ចំណែកឯទំទំនិញនាំចូលសំខាន់ៗ មានដូចជាវត្ថុធាតុដើម សម្ភារៈយោធា យានយន្ត ទំនិញវិនិយោគ ប្រេងឆៅ គ្រាប់ធញ្ញជាតិ ទំនិញប្រើប្រាស់ ខណ:ដៃគូនាំចូលសំខាន់ៗមានដូចជា ចិន , សហរដ្ឋអាមេរិក , តួកគី , អាល្លឺម៉ង់ , ស្វីស , អ៊ីតាលី , ឥណ្ឌា ​, បែលហ្សិក , ហូឡង់ និងហុងកុង៕