អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Shouwen បាននិយាយកាលពីថ្ងៃទី១៥ ខែតុលាថា ចិននឹងផ្ដល់ឱកាសកាន់តែច្រើនសម្រាប់ក្រុមហ៊ុនបរទេស ដែលចង់មកបណ្ដាក់ទុន និងកំពុងវិនិយោគនៅក្នុងប្រទេសរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
លោក Wang បន្ថែមទៀតថា រដ្ឋាភិបាលនឹងនៅតែបន្តពង្រឹងបរិយាកាសអាជីវកម្ម ឲ្យកាន់តែប្រសើរថែមទៀត សម្រាប់ក្រុមហ៊ុនបរទេសដែលកំពុងរកស៊ីនៅប្រទេសចិន ដូចជា ក្រុមហ៊ុន Exxon Mobil, BASF, Budweiser, Walmart, Panasonic និង IKEA ជាដើម។
គួររំលឹកដែរថា ចាប់តាំងពីលោក Li Qiang ចូលកាន់តំណែងជានាយករដ្ឋមន្ត្រីចិនលើកទី៨ កាលពីខែមីនាកន្លងទៅ លោកបានសន្យាថា នឹងព្យាយាមអូសទាញក្រុមហ៊ុនបរទេស មកបណ្ដាក់ទុនក្នុងស្រុកបន្ថែម ដើម្បីស្ដារសេដ្ឋកិច្ចដែលចិនបានខូចខាត អំឡុងពេលមានជំងឺរាតត្បាតកូវីដ ១៩។
ជម្រាបបន្ថែមថា ចិនបានដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីអូសទាញវិនិយោគិនបរទេស ដែលមានដូចជា ការបន្ធូរបន្ថយពន្ធ ផ្ដល់កញ្ចប់ប្រាក់ជំនួយ និងអត្ថប្រយោជន៍ផ្សេងៗទៀត ទៅតាមវិស័យនីមួយៗ៕