ប្រធានាធិបតីរុស្ស៊ីសរសើរ “គំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ” របស់ចិន

អន្តរជាតិ

កាលពីថ្ងៃទី១៥ ខែតុលា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានពោលសរសើរពី​គំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ របស់ប្រទេសចិន ដោយអះអាងថា វាមានសារៈសំខាន់ និងបង្កើតឡើង ក្នុងគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការទូទាំងសកលលោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

“ពួកយើងទទួលបានដំណឹងថា មានក្រុមខ្លះចោទចិនថាបង្កើតគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ ដើម្បីគាបសង្កត់ប្រទេសតូចៗ ប៉ុន្តែពួកយើងមិនគិតបែបនោះឡើយ។ ពួកយើងយល់ឃើញថា វាបង្កើតឡើង ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជុំវិញសកលលោកប៉ុណ្ណោះ”។ នេះបើតាមការដកស្រង់សម្ដីរបស់លោកពូទីន ពីសារព័ត៌មានរុស្ស៊ី RIA។

បន្ថែមពីនោះ មេដឹកនាំរុស្ស៊ីក៏បានសង្កត់ធ្ងន់ទៀតថា៖ តាមគំនិតរបស់ខ្ញុំ អត្ថប្រយោជន៍ធំបំផុត​នៃការបង្កើតវាឡើង គឺធ្វើការរួមគ្នាជាធ្លុងមួយ មិនមែនបង្កើតបញ្ហា ឬបង្កហានិភ័យទៅកាន់ប្រទេសណាឡើយ។

សូមជម្រាបដែរថា គំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ គឺជាផែនការសម្រាប់ហេដ្ឋារចនាសម្ព័ន្ធសកល និងបណ្តាញថាមពល ដែលប្រទេសចិនបានចាប់ផ្តើមកាលពីមួយទសវត្សមុន ដើម្បីភ្ជាប់អាស៊ីជាមួយអាហ្វ្រិក និងអឺរ៉ុប តាមរយៈផ្លូវគោក និងផ្លូវសមុទ្រ។

រំលឹកបន្តិចថា គិតត្រឹមខែសីហា ឆ្នាំ២០២៣ សកលវិទ្យាល័យ Fudan University បានបញ្ចេញរបាយការណ៍បញ្ជាក់ថា គំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ មានប្រទេសចូលរួមប្រមាណ ១៥៤ប្រទេស ទូទាំងសកលលោក មិនរាប់បញ្ចូលប្រទេសចិន​ដែលជាអ្នកចាប់ផ្ដើម៕