បើតាមប្រភពពីសារព័ត៌មាន VNExpress បានចុះផ្សាយថា ក្រសួងទេសចរណ៍ និងកីឡារបស់ប្រទេសថៃគ្រោងនឹងប្រើប្រាស់ថវិកាចំនួន ៦០០លានបាត ឬប្រមាណ ១៦ លានដុល្លារអាមេរិក ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ក្នុងរដូវកាលដែលកំពុងតែមានសន្ទុះ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា លោកស្រី Sudawan Wangsuphakijkosol បាននិយាយថា ថវិកាដែលត្រូវបានស្នើឡើងនឹងត្រូវបែងចែកទៅឱ្យអាជ្ញាធរទេសចរណ៍ថៃ (TAT) ដើម្បីចាប់ផ្តើមធ្វើការផ្សព្វផ្សាយនាត្រីមាសទីបួនក្នុងឆ្នាំនេះ រហូតដល់ត្រីមាសទីមួយនៃឆ្នាំ ២០២៤ ។
ជាមួយគ្នា គម្រោងផ្សព្វផ្សាយទេសចរណ៍សំខាន់ៗទាំងនោះរួមមាន Amazing Thailand Passport Privileges ដែលទាមទារថវិកាប្រមាណ ១៥០លានបាត ខណៈថវិការ ១៥០លានបាតផ្សេងទៀត នឹងត្រូវបែងចែកអោយទៅយុទ្ធនាការទីផ្សារអន្តរជាតិទាំងអស់ ស្របពេលថវិកាប្រហែល ២០០លានបាតនឹងត្រូវផ្តល់សម្រាប់ការផ្សព្វផ្សាយពិធីបុណ្យធំៗនៅទូទាំងតំបន់ចំនួន ៥ ក្នុងប្រទេសថៃ។
សូមជម្រាបថា ក្រសួងក៏បានពិភាក្សាអំពីលទ្ធភាពនៃការអនុញ្ញាតឱ្យប្រជាជនប្រើប្រាស់ប្រាក់ពីកាបូបឌីជីថលប្រមាណ ១០ ០០០បាត សម្រាប់ការចំណាយលើវិស័យទេសចរណ៍របស់ពួកគេផងដែរ៕