មហាសេដ្ឋីមានបំផុតនៅអឺរ៉ុប Bernard Arnault បានរបូតតំណែងជាមហាសេដ្ឋីមានបំផុតលើលោកទី២ បន្ទាប់ពីទ្រព្យសម្បត្តិរបស់លោកថយចុះយ៉ាងគំហុក ខណៈស្ថាបនិកក្រុមហ៊ុន Amazon មហាសេដ្ឋី Jeff Bezos ដណ្ដើមបានតំណែងមួយនេះ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានរាយការណ៍ថា ប្រធានក្រុមហ៊ុន LVMH ទទួលការខាតបង់ច្រើន បន្ទាប់ពីការលក់របស់ក្រុមហ៊ុនមានការថយចុះ បណ្ដាលឲ្យទ្រព្យសម្បត្តិមហាសេដ្ឋីបារាំង របូតអស់ប្រហែល ៦,៨ពាន់លានដុល្លារ ក្នុងរយៈពេលជិតមួយសប្ដាហ៍នេះ។

ជាមួយគ្នានោះ ទិន្នន័យពីគេហទំព័រ Bloomberg Billionaires Index បានបង្ហាញថា បច្ចុប្បន្នទ្រព្យសម្បត្តិរបស់ Arnault មានប្រមាណ ១៥៥ពាន់លានដុល្លារ ខណៈស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រហែល ១៥៦,៣ពាន់លានដុល្លារ។
គួររំលឹកបន្តិចថា Bernard Arnault ធ្លាប់ឡើងងារជាអ្នកមានបំផុតលើលោកកាលពីត្រីមាសទី៣ នៃឆ្នាំ២០២២ ប៉ុន្តែចាប់តាំងពីខែតុលា ឆ្នាំ២០២២ លោកស្ថិតនៅលេខរៀងទី២ ក្នុងបញ្ជីមហាសេដ្ឋីមានបំផុតលើលោក បន្ទាប់ពីប្រធានក្រុមហ៊ុន Tesla លោក Elon Musk៕