ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែល នាថ្ងៃទី១៨ ខែតុលាសប្ដាហ៍នេះ។ នេះបើតាមការបញ្ជាក់ប្រាប់ពីប្រមុខការទូតអាមេរិក លោក Antony Blinken។

រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះនិយាយថា៖ ប្រធានាធិបតីនឹងបង្ហាញពីការតាំងចិត្ត គាំទ្រដល់អ៊ីស្រាអែល ជុំវិញការការពារសន្តិភាពរបស់ខ្លួន។ អ៊ីស្រាអែលមានសិទ្ធ និងភារកិច្ចពេញទំហឹង ក្នុងការការពារប្រជាជនរបស់ខ្លួន ពីការវាយប្រហាររបស់ក្រុមហាម៉ាស និងពួកឧទ្ទាម ក៏ដូចជាការពារការវាយប្រហារនាថ្ងៃអនាគត។

ជាមួយគ្នានេះ សារព័ត៌មាន CNA បានរាយការណ៍បន្ថែមថា លោក John Kirby បានបញ្ជាក់ថា លោក បៃដិន នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុង Tel Aviv ហើយនឹងបន្តធ្វើដំណើរទៅកាន់ទីក្រុង Jordan ដែលលោកនឹងជួបជាមួយស្ដេច Jordanian King Abdullah II មេដឹកនាំប៉ាឡេស្ទីន Mahmud Abbas និងប្រធានាធិបតីអេហ្ស៊ីប Abdel Fattah al-Sisi។
សូមជម្រាបដែរថា សង្គ្រាមរវាងប្រទេសអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសរបស់ប៉ាឡេស្ទីន បានផ្ទុះកាលពីថ្ងៃទី០៧ ខែតុលា បណ្ដាលឲ្យមនុស្សរាប់ពាន់នាក់បាត់បង់ជីវិត ខណៈអាមេរិកគាំទ្រដល់សកម្មភាពរបស់អ៊ីស្រាអែល ប៉ុន្តែចិនបានរិះគន់ដល់ទង្វើទាំងនោះ ដោយសង្កត់ធ្ងន់ថា អ៊ីស្រាអែលធ្វើលើសពីអ្វីដែលពួកគេអះអាងថា ការពារខ្លួន៕