នាថ្ងៃទី១៧ ខែតុលានេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានច្រានចោលសំណើរបស់រុស្ស៊ី ក្នុងការដោះស្រាយវិបត្តិសង្គ្រាមរវាងប្រទេសអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស របស់ប៉ាឡេស្ទីន ដែលកំពុងវឹកវរខ្លាំងនាពេលបច្ចុប្បន្ន។
យោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ថា ដំណោះស្រាយដែលរុស្ស៊ីលើកឡើងនោះគឺ សំណូមពរឲ្យបញ្ឈប់រាល់សកម្មភាពបាញ់បោះភ្លាមៗ ដើម្បីគោរពដល់សកម្មភាពមនុស្សធម៌ និងថ្កោលទោសយ៉ាងខ្លាំង ចំពោះក្រុមណាដែលបង្កហានិភ័យដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋ ប៉ុន្តែមិនបាននិយាយចំៗទៅកាន់ក្រុមហាម៉ាសឡើយ។
ក្នុងចំណោមក្រុមប្រឹក្សាសន្តិសុខ UN ទាំងអស់ ក៏មានសមាជិក ៤ប្រទេស គាំទ្រដល់ចំណាត់ការរបស់រុស្ស៊ី ដែលមានដូចជា ប្រទេសចិន សហព័ន្ធអារ៉ាប់រួម ម៉ូសំប៊ិក និងហ្គាបុង ខណៈមាន ៤ប្រទេសប្រឆាំងគឺ អាមេរិក អង់គ្លេស បារាំង និងជប៉ុន ស្របពេលសមាជិក ៦ប្រទេសទៀត មិនផ្ដល់សម្លេងអ្វីទាំងអស់។
ជុំវិញហេតុផលដែលអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនប្រឆាំងនឹងសំណើរបស់រុស្ស៊ី គឺពួកគេអះអាងថា រុស្ស៊ីមិនបានថ្កោលទោសចំៗទៅកាន់ក្រុមឧទ្ទាមប៉ាឡេស្ទីន ដែលបើកការវាយឆ្មក់ទៅលើអ៊ីស្រាអែល និងសម្លាប់ប្រជាជនស្លូតត្រង់ប្រមាណ ១ ៣០០នាក់។
ជម្រាបបន្ថែមថា ដើម្បីអាចអនុវត្តសំណើដោះស្រាយវិបត្តិសង្គ្រាមនៅតំបន់ Gaza រុស្ស៊ីត្រូវការសម្លេងគាំទ្រយ៉ាងតិចពី ៩ប្រទេស ក្នុងចំណោមសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមាន ១៥ប្រទេស៕