ថៃ នឹងអនុញ្ញតឱ្យភ្ញៀវទេសចររុស្ស៊ីបន្តការស្នាក់នៅ ដោយគ្មានទិដ្ឋាការ ដល់៩០ថ្ងៃ

អន្តរជាតិ

នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin នៅថ្ងៃទី១៦ ខែតុលា បានប្រកាសថា ប្រទេសថៃ នឹងអនុញ្ញាតឱ្យភ្ញៀវទេសចររុស្ស៊ី អាចបន្តការស្នាក់នៅដោយគ្មានទិដ្ឋាការពី ៣០ ទៅ ៩០ ថ្ងៃ ដោយវិធានការនេះ នឹងត្រូវចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២៤។ នេះបើតាមចុះផ្សាយពីសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



ថ្លែង​បន្ទាប់​ពី​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី លោក Srettha បានបញ្ជាក់ថា ការ​ពន្យារ​ទិដ្ឋាការ​សម្រាប់​ភ្ញៀវ​ទេសចរ​រុស្ស៊ី ​នឹង​ជួយ​ជំរុញ​ដល់វិស័យ​ទេសចរណ៍​របស់​ប្រទេសថៃបន្ថែមទៀត។

លោក Srettha បាននិយាយទៀតថា នេះជាពេលវេលាត្រឹមត្រូវសម្រាប់ការអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចររុស្ស៊ី នៅពេលដែលភ្ញៀវទេសចរទាំងនោះ កំពុងគេចចេញពីរដូវរងារត្រជាក់ខ្លាំង នៅក្នុងប្រទេសរបស់ពួកគេ ដែលជាធម្មតាចាប់ផ្តើមនៅក្នុងខែធ្នូ រហូតដល់ខែមីនា។

យោងតាមទិន្នន័យរបស់រដ្ឋាភិបាល បានបង្ហាញថា ប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរបរទេសជាង ២០ លាននាក់ ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៣ នេះ ដែលក្នុងនោះភ្ញៀវទេសចររុស្ស៊ីជាប់ចំណាត់ថ្នាក់ទី៥ ដែលមានចំនួនជិត ៩៩៥ ០០០ នាក់ ស្របពេលភ្ញៀវទេសចរម៉ាឡេស៊ី មកកាន់ប្រទេសថៃ មានចំនួនច្រើន​ជាង​គេ​ (៣,២​លាន​នាក់)​តាមពីក្រោយដោយប្រទេស​ចិន (២,៥​ លាននាក់) សាធារណរដ្ឋ​កូរ៉េ (១,១៩​ លាន​នាក់) និង​ឥណ្ឌា (១,១៦​ លាន​នាក់)។

ជម្រាបជូនផងដែរថា កាលពីពេលកន្លងទៅ ប្រទេសថៃ ក៏បានផ្តល់ការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរមកពីប្រទេសចិន និងកាហ្សាក់ស្ថាន ផងដែរ ដោយចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២៣ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ ២០២៤ ៕