ក្រុមអ្នកឃ្លាំមើលកសិកម្មរបស់រុស្ស៊ី Rosselkhoznadzor បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ីបានចូលរួមជាមួយប្រទេសចិន ក្នុងការដាក់កំហិតផ្អាកការនាំចូលត្រី និងអាហារសមុទ្រពីប្រទេសជប៉ុន ក្រោមហេតុផលមិនទុកចិត្ត។ នេះបើយោងទៅតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។
ប្រទេសរុស្ស៊ីបាននិយាយថា ការរឹតបន្តឹងត្រូវបានដាក់ជាវិធានការយ៉ាងប្រុងប្រយ័ត្ន ហើយនឹងបន្តអនុវត្ត រហូតទាល់តែមានព័ត៌មានទូលំទូលាយបង្ហាញថា អាហារសមុទ្ររបស់ជប៉ុនមានសុវត្ថិភាពខ្ពស់។
ជាមួយគ្នានោះ ទីភ្នាក់ងារសារព័ត៌មាន Kyodo បានរាយការណ៍ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់ជប៉ុនបាននិយាយថា បម្រាមរបស់រុស្ស៊ីគ្មានមូលដ្ឋានវិទ្យាសាស្ត្រ ហើយជារឿងអយុត្តិធម៌ និងគួរឱ្យសោកស្ដាយ ខណៈខ្លួនអំពាវនាវឱ្យលុបចោលនូវវិធានការនេះ។
រម្លឹកបន្តិចថា ប្រទេសជប៉ុនបានចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្មដែលបន្សុទ្ធរួចនោះ ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកកាលពីខែសីហា តែត្រូវបានទទួលការរិះគន់យ៉ាងខ្លាំងពីសំណាក់ទីក្រុងប៉េកាំង និងឈានដល់វិធានការហាមឃាត់ការនាំចូលអាហារសមុទ្រទាំងស្រុងពីប្រទេសជប៉ុនផងដែរ៕