តាមប្រភពពីសារព័ត៌មាន Reuters បានធ្វើការចុះផ្សាយនៅថ្ងៃទី១៧ ខែតុលានេះថា ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសហ្វីលីពីន Cebu Pacific កំពុងស្វែងរកការបញ្ជាទិញយន្តហោះប្រមាណ ១០០ ទៅ ១៥០គ្រឿង ពីក្រុមហ៊ុន Boeing របស់សហរដ្ឋអាមេរិក ឬក្រុមហ៊ុន Airbus របស់អឺរ៉ុប។

ប្រធានក្រុមហ៊ុនអាកាសចរណ៍ Cebu Pacific លោក Alexander Lao បាននិយាយថា កញ្ចប់ទឹកប្រាក់ក្នុងការបញ្ជាទិញគឺមានតម្លៃប្រមាណ ១២ ពាន់់លានដុល្លារ ខណៈលោកបានបន្ថែមថា ក្រុមហ៊ុនអាកាសចរណ៍មួយនេះ ទំនងមិនចង់អោយក្រុមហ៊ុនផលិតយន្តហោះទាំងពីរ ផ្គត់ផ្គង់ប្រតិបត្តិការទាំងស្រុងនោះទេ តែជំនួសមកវិញ នូវកិច្ចព្រមព្រៀងឈ្នះៗ ជាមួយក្រុមហ៊ុនផលិតណាដែលអាចដេញថ្លៃបាននូវកញ្ចប់ទឹកប្រាក់ដ៏ល្អបំផុត ដើម្បីទទួលបានកិច្ចសន្យាផលិតកម្មទាំងមូល។
ជាមួយគ្នានោះ បើតាមនាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Cebu Pacific លោក Michael Szucs បាននិយាយថា ក្រុមហ៊ុននឹងផ្ញើសំណើជាផ្លូវការមួយនៅចុងសប្តាហ៍នេះទៅកាន់ក្រុមហ៊ុន Boeing របស់សហរដ្ឋអាមេរិក និងក្រុមហ៊ុន Airbus របស់អឺរ៉ុប ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនផលិតយន្តហោះទាំងពីរផ្តល់ជូនការដេញថ្លៃដ៏ល្អបំផុតរបស់ពួកគេ។
ជម្រាបផងដែរថា Cebu Pacific គឺជាក្រុមហ៊ុនដឹកជញ្ជូនដ៏ធំបំផុតមួយរបស់ហ្វីលីពីន ហើយបច្ចុបន្នក៏កំពុងពង្រីកចំនួនយន្តហោះបន្ថែមទៀត ដើម្បីទាញយកអត្ថប្រយោជន៍ពីតម្រូវការធ្វើដំណើរ ក្រោយពីការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ ស្របពេលដែលឆ្នាំនេះ ខ្លួនទទួលបានយន្តហោះចំនួន ១២គ្រឿង ហើយនឹងត្រៀមទទួលបាន ៧គ្រឿងទៀតនៅមុនដំណាច់ឆ្នាំ ២០២៣៕