កំណើនសេដ្ឋកិច្ចនៃប្រទេសចិន សម្រាប់ត្រីមាសទី៣ មានការកើនឡើងយ៉ាងឆាប់រហ័ស ខណៈវិស័យឧស្សាហកម្ម និងការប្រើប្រាស់ នាខែកញ្ញា ក៏បង្ហាញសញ្ញាវិជ្ជមានយ៉ាងល្អថែមទៀត។
យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានរាយការណ៍ថា GDP នាត្រីមាសទី៣ របស់ចិន កើនឡើង ៤,៩% ខ្ពស់ជាងការព្យាករណ៍ទុកពីគេហទំព័រ Reuters ដែលមាន ៤,៤% ខណៈវាក៏បានបង្ហាញពីសន្ទុះនៃការងើបឡើងវិញ នៃសេដ្ឋកិច្ចជាតិចិនផងដែរ។
គួររំលឹកដែរថា កន្លងមក រដ្ឋាភិបាលក្រុងប៉េកាំង តែងតែបញ្ចេញនូវគោលនយោបាយជាច្រើន សម្រាប់ជួយដល់វិស័យឯកជន ដែលជាសូចនាករយ៉ាងសំខាន់ ក្នុងការជួយស្ដារសេដ្ឋកិច្ចជាតិ ដែលមានដូចជា ការចំណាយលើការងារសាធារណៈ កាត់បន្ថយអត្រាការប្រាក់ និងជួយដល់វិស័យអចលនទ្រព្យជាដើម។
បន្ថែមពីនេះ បើសិនជាកំណើនសេដ្ឋកិច្ចចិន នៅបន្តបង្ហាញសញ្ញាវិជ្ជមានល្អបែបនេះ ពួកគេនឹងសម្រេចបាននូវគោលដៅ ដែលបានដាក់កាលពីដើមឆ្នាំ ពោលចង់ឃើញសេដ្ឋកិច្ចចិនរីកលូតលាស់បាន ៥% នៅក្នុងឆ្នាំ២០២៣៕