វេទិកា «ខ្សែក្រវាត់ និងផ្លូវ» ដែលរៀបចំធ្វើឡើងនៅប្រទេសចិន កំពុងចាប់ផ្ដើមដំណើរការ ក្រោមការចូលរួមពីមេដឹកនាំពិភពលោកជាច្រើនរូប ដោយក្នុងនោះក៏មានមេដឹកនាំនៃបណ្ដាប្រទេសនៅតំបន់អាស៊ានផងដែរ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Xinhua បានរាយការណ៍ថា មេដឹកនាំអាស៊ានដែលមានវត្តមាននៅវេទិកា «ខ្សែក្រវាត់ និងផ្លូវ» គឺមានដូចជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ ប្រធានាធិបតីវៀតណាម លោក Vo Van Thuong ប្រធានាធិបតីឡាវ លោក Thongluon Sisoulith និងនាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin។
បន្ថែមពីនេះ វេទិកា «ខ្សែក្រវាត់ និងផ្លូវ» រៀបចំឡើងលើកទី៣ សារនេះ ក៏មានការចូលរួមពីប្រទេសច្រើនជាង ១៣០ប្រទេស និងអង្គការអន្តរជាតិចំនួន ៣០ ជុំវិញពិភពលោក សរុបចំនួនអ្នកចូលរួមច្រើនជាង ៤ ០០០នាក់ ខណៈមេដឹកនាំសំខាន់ៗដែលមានបង្ហាញវត្តមាននៅទីនោះ មានដូចជា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Gutteres ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban និងប្រធានាធិបតីអាហ្សង់ទីន លោក Alberto Fernandez ជាដើម។
សូមជម្រាបដែរថា វេទិកា «ខ្សែក្រវាត់ និងផ្លូវ» លើកទី៣នេះ ធ្វើឡើងចំពេលគម្រប់ខួប ១០ឆ្នាំ នៃការបង្កើតគំនិតផ្ដួចផ្ដើម «ខ្សែក្រវាត់ និងផ្លូវ» ដែលបានប្រកាសដោយមេដឹកនាំកំពូលចិន លោក ស៊ី ជិនពីង កាលពីឆ្នាំ២០១៣ ជាមួយគោលបំណងអភិវឌ្ឍយ៉ាងសកម្ម នូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការសេដ្ឋកិច្ច ជាមួយបណ្ដាប្រទេសនានាជុំវិញពិភពលោក៕