នៅថ្ងៃពុធ ទី១៨ ខែតុលានេះ មេដឹកនាំប្រទេសចិន លោក ស៊ី ជិនពីង បានប្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថាការជឿទុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ រវាងប្រទេសទាំងពីរ កំពុងបន្តធ្វើឱ្យកាន់តែមានភាពស៊ីជម្រៅបន្ថែមទៀត។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានរាយការណ៍ទៀតថា លោក ស៊ី ក៏បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងចិន និងរុស្ស៊ី ដើម្បីការពារយុត្តិធម៌អន្តរជាតិ ដោយមានការសម្របសម្រួលយុទ្ធសាស្ត្រយ៉ាងជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាព រវាងប្រទេសទាំងពីរ។
លោក ស៊ី ក៏បានបន្ថែមទៀតថា ទំហំពាណិជ្ជកម្មទ្វេភាគី បានឈានដល់កម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ ដែលកំពុងដំណើរការឆ្ពោះទៅរកគោលដៅ ២០០ពាន់លានដុល្លារអាមេរិក ដែលភាគីទាំងពីរបានកំណត់ទុក។
ជម្រាបជូនផងដែរថា លោក ពូទីន កំពុងស្ថិតនៅក្នុងប្រទេសចិន ខណ:ពេលដែលទីក្រុងប៉េកាំង នៅសប្តាហ៍នេះ បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលស្តីពីគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ដែលជាគម្រោងពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធដ៏ធំបំផុតរបស់ លោក ស៊ី៕