លោក ស៊ី ជិនពីង ថាចិន ចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយឥណ្ឌូនេស៊ី នៅក្នុងវិស័យសំខាន់ៗមួយចំនួន

អន្តរជាតិ

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បាននិយាយកាលពីថ្ងៃអង្គារ ទី១៧ ខែតុលាថា ប្រទេសចិន មានឆន្ទ:ក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម ជាមួយប្រទេសឥណ្ឌូនេស៊ី នៅក្នុងឧស្សាហកម្ម ដែលកំពុងមានភាពរីកចម្រើនមួយចំនួន ដូចជាសេដ្ឋកិច្ចឌីជីថល បច្ចេកវិទ្យាថាមពលព្រះ​អាទិត្យ​ និងរថយន្តអគ្គិសនីជាដើម។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ China Central Television ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនឹងនេះ ប្រទេសចិនក៏មានឆន្ទៈក្នុងការជំរុញការនាំចូលផលិតផលកសិកម្ម និងនេសាទរបស់ឥណ្ឌូនេស៊ីផងដែរ ខណ:ពេលដែលលោក ស៊ី បានជួបពិភាក្សាជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូ វីដូដូ នៅ​​ឯខាងក្រៅវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ ក្នុងសប្តាហ៍នេះ។

លោក ស៊ី បន្ថែមទៀតថា ភាគីប្រទេសទាំងពីរ គួរតែធ្វើឱ្យកាន់តែមានភាពស៊ីជម្រៅនូវការរួមបញ្ចូលនៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ ហើយរួមគ្នាជំរុញដល់ការកសាងច្រករបៀងសេដ្ឋកិច្ចទូលំទូលាយ ក្នុងតំបន់។

ដោយឡែក លោក វីដូដូ វិញក៏បាននិយាយផងដែរថា ប្រទេសឥណ្ឌូណេស៊ី ចាត់ទុកប្រទេសចិនជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការកសាង ហើយ ទន្ទឹងរង់ចាំការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាមួយប្រទេសចិន។

ជម្រាបជូនផងដែរថា កាលពីដើមខែតុលានេះ លោក វីដូដូ បានដាក់សម្ពោធផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៧,៣ពាន់លានដុល្លារ ដែលតភ្ជាប់ពីរដ្ឋធានីហ្សាកាតា ទៅកាន់ទីក្រុង Bandung ខណ:ផ្លូវដែកថ្មីនេះ ស្ថិតនៅក្រោមគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏លេចធ្លោមួយរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន ៕