ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានធ្វើដំណើរទៅដល់ប្រទេសអ៊ីស្រាអែល ដោយសុវត្ថិភាពនាថ្ងៃទី ១៨ ខែតុលា ក្នុងការបំពេញទស្សនកិច្ចការទូតផង និងក្នុងនាមជាអ្នកស្វែងរកដំណោះស្រាយផង ចំពោះវិបត្តិសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសរបស់ប៉ាឡេស្ទីន។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានរាយការណ៍ថា មេដឹកនាំអាមេរិក ក៏មានគម្រោងបន្តដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Jordan ដើម្បីជួបជាមួយមេដឹកនាំសហព័ន្ធអារ៉ាប់នានា ប៉ុន្តែកិច្ចប្រជុំមួយនោះត្រូវបានរំសាយចោល ដោយសារមានការវាយប្រហារនៅមន្ទីរពេទ្យ នៅតំបន់ Gaza ដែលធ្វើឲ្យកិច្ចប្រជុំមួយនេះត្រូវបានលើកពេល។
ជាមួយគ្នានេះ លោក បៃដិន នៅតែបន្តបំពេញទស្សនកិច្ចនៅទីក្រុង Tel Aviv ខណៈមានក្ដីរំពឹងថា លោកនឹងជជែកជាមួយប្រធានាធិបតីអ៊ីស្រាអែល លោក Benjamin Netanyahu ដើម្បីរកមធ្យោបាយពន្លឿន ការផ្ដល់ជំនួយទៅកាន់ប្រជាជននៅតំបន់ Gaza។
ជម្រាបបន្ថែមថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីទៅកាន់ប្រទេសអ៊ីស្រាអែល ធ្វើឡើងចំពេលដែលអ៊ីស្រាអែល បានកាត់ផ្ដាច់ការនាំចូលស្បៀងអាហារ ឥន្ធនៈ និងទឹក ទៅកាន់ប្រជាជននៅតំបន់ Gaza ខណៈអ្នកសម្របសម្រួលកំពុងមមាញឹក ដោះស្រាយបញ្ហាមួយនេះ៕