ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនជាលើកដំបូង ដើម្បីចូលរួមវេទិកា «ខ្សែក្រវាត់ និងផ្លូវ» កាលពីថ្ងៃទី១៧ ខែតុលា បន្ទាប់ពីខកខានអស់រយៈពេលជាង ២០ខែ ពោលតាំងពីខែកុម្ភៈ ឆ្នាំ២០២២។
មេដឹកនាំកំពូលរុស្ស៊ីបានធ្វើដំណើរតាមរយៈការជិះយន្តហោះប្រធានាធិបតី ដែលមានឈ្មោះថា Ilyushin Il-96-300PU ដែលបំពាក់ដោយប្រព័ន្ធការពារសុវត្ថិភាពទំនើបបំផុត និងប្រព័ន្ធការពារគ្រាប់មីស៊ីល ខណៈតម្លៃរបស់វាគឺប្រហែល ៥០៤លានដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Newsweek។
យន្តហោះមួយគ្រឿងនេះ ត្រូវបានកែច្នៃចេញពីយន្តហោះប្រភេទ Ilyushin Il-96-300 ធម្មតា ដោយនៅខាងក្នុងយន្តហោះមានភាពស្រឡះជាង និងស៊ីវិល័យជាង ខណៈអក្សរ PU ដែលដាក់បន្ថែម គឺសម្រាប់សម្គាល់ថា ជាយន្តហោះរបស់ប្រធានាធិបតីរុស្ស៊ី។
បន្ថែមពីនោះ យន្តហោះប្រភេទ Ilyushin Il-96-300PU គឺត្រូវបានដាក់ឲ្យប្រើប្រាស់ ជាមធ្យោបាយធ្វើដំណើររបស់ប្រធានាធិបតីរុស្ស៊ី តាំងពីឆ្នាំ១៩៩៦ ពោលតាំងពីជំនាន់លោក Boris Yeltsin នៅកាន់អំណាច ប៉ុន្តែយន្តហោះប្រភេទនេះ ត្រូវបានយកមកកែច្នៃ និងអភិវឌ្ឍន៍សឹងតែរាល់ឆ្នាំ ដើម្បីបំពេញតម្រូវការចាំបាច់របស់ប្រធានាធិបតីនាពេលបច្ចុប្បន្ន។
សូមជម្រាបដែរថា យន្តហោះរបស់ប្រធានាធិបតីរុស្ស៊ីមួយគ្រឿងនេះ គឺរចនាឡើងដោយយកចិត្តទុកដាក់បំផុត ពោលសូម្បីតែរចនាផ្ទៃខាងក្នុង ក៏យកលំនាំតាមគំនូររបស់ជនជាតិរុស្ស៊ី ខណៈលោក ពូទីន ថែមទាំងចុះត្រួតពិនិត្យដោយផ្ទាល់ អំឡុងពេលរចនាផ្ទៃខាងក្នុងនោះផងដែរ៕