ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតមួយនៅចិន គឺក្រុមហ៊ុន Country Garden បានចេញមុខបកស្រាយ និងច្រានចោលចចាមអារ៉ាមថា ស្ថាបនិកក្រុមហ៊ុន មហាសេដ្ឋី Yang Guoqing បានចាកចេញពីប្រទេសចិន ក្រោយជាប់បំណុលច្រើនពេក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ក្រុមហ៊ុនខ្នាតយក្សចិនខាងលើអះអាងទៀតថា បច្ចុប្បន្នទាំងស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល សុទ្ធសឹងតែកំពុងបំពេញភារកិច្ចរៀងៗខ្លួននៅក្រុមហ៊ុន និងមិនបានចាកចេញពីប្រទេស ដូចពាក្យចចាមអារ៉ាមម្ដងឡើយ។
គួររំលឹកបន្តិចថា មហាសេដ្ឋី Yang Guoqing ដែលជាស្ថាបនិកក្រុមហ៊ុន Country Garden បានលាលែងពីតំណែងជាប្រធានក្រុមប្រឹក្សាភិបាល កាលពីខែមីនាកន្លងទៅ ដោយកូនស្រីរបស់លោក អ្នកស្រី Yang Huiyan ជាអ្នកបន្តតំណែង ខណៈមហាសេដ្ឋីចិនរូបនេះ នៅមានកាតព្វកិច្ចជាទីប្រឹក្សាពិសេសប្រចាំក្រុមហ៊ុន។
ជម្រាបបន្ថែមថា បច្ចុប្បន្ន Country Garden កំពុងមានបំណុលជាច្រើនពាន់លានដុល្លារ ខណៈពួកគេត្រូវបង់ប្រាក់ ១៥លានដុល្លារ ទៅកាន់ម្ចាស់បំណុល ២រូប នាថ្ងៃពុធ ប៉ុន្តែម្ចាស់បំណុលទាំងនោះ មិនទាន់ទទួលបានទឹកប្រាក់ឡើយ មកទល់ពេលនេះ៕