ក្រុមហ៊ុន Nokia គ្រោងកាត់បន្ថយបុគ្គលិករាប់ពាន់នាក់ ក្រោយធ្លាក់ចុះប្រាក់ចំណូលក្នុងត្រីមាសទីបី

អន្តរជាតិ

នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ក្រុមហ៊ុន Nokia បាននិយាយថា ខ្លួនគ្រោងនឹងកាត់បន្ថយចំនួនបុគ្គលិកពី ៩ ០០០ ទៅ ១៤ ០០០នាក់ ដើម្បីបន្ធូរបន្ថយការចំណាយ បន្ទាប់ពីការធ្លាក់ចុះនៃប្រាក់ចំណូលក្នុងត្រីមាសទីបី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនទូរគមនាគមន៍យក្សរបស់ហ្វាំងឡង់មួយនេះបាននិយាយថា ខ្លួននឹងកាត់បន្ថយមូលដ្ឋានចំណាយ និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការដើម្បីដោះស្រាយទីផ្សារដែលកំពុងមានការប្រកួតប្រជែង ដោយក្រុមហ៊ុននឹងត្រូវកាត់បន្ថយចំនួនបុគ្គលិកបច្ចុបន្នពី ៨៦ ០០០នាក់ អោយមកនៅត្រឹមចន្លោះពី​ ៧២ ០០០នាក់ ទៅ ៧៧ ០០០នាក់។

ការប្រកាសបញ្ឈប់ការងារយ៉ាងច្រើនសម្បើមបែបនេះ បានកើតឡើងបន្ទាប់ពីក្រុមហ៊ុន Nokia បានរាយការណ៍ថាការលក់សុទ្ធនៅត្រីមាសទីបីបានធ្លាក់ចុះ ២០% ឬប្រមាណ ៤,៩៨ពាន់លានអឺរ៉ូ ពីមួយឆ្នាំទៅមួយឆ្នាំ ស្របពេលប្រាក់ចំណេញបានធ្លាក់ចុះដល់ទៅ ៦៩% ឬប្រមាណ ១៣៣លានអឺរ៉ូ ពីមួយឆ្នាំទៅមួយឆ្នាំ។

មួយវិញទៀត ក្រុមហ៊ុនក៏កំពុងកំណត់គោលដៅ ដើម្បីសន្សំប្រាក់ចំណេញអោយបានចន្លោះពី ៨០០លានអឺរ៉ូ (៨៤២លានដុល្លារ) ទៅ ១,២ពាន់លានអឺរ៉ូនៅត្រឹមចុងឆ្នាំ ២០២៦ ផងដែរ។

ដោយឡែក ក្រុមហ៊ុន Nokia បានបង្ហើបអំពីចំនួននៃការលក់នៅក្នុងទីផ្សារអាមេរិកខាងជើងកំពុងមានការធ្លាក់ចុះ ស្របពេលទីផ្សាររបស់ប្រទេសឥណ្ឌាមានកម្រិតមធ្យម ខណៈការដាក់ពង្រាយសេវាអ៊ីនធឺណេតចល័តល្បឿនលឿនជំនាន់ចុងក្រោយ 5G របស់ខ្លួនមានលក្ខណៈធម្មតា៕