តម្លៃផ្ទះថ្មីនៅក្នុងប្រទេសចិន បន្តធ្លាក់ចុះរយ:ពេល ៣ខែជាប់ៗគ្នា គិតត្រឹមខែកញ្ញា

អន្តរជាតិ

យោងតាមទិន្នន័យផ្លូវការមួយ បានបង្ហាញឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា តម្លៃផ្ទះថ្មីរបស់ប្រទេសចិន បានបន្តធ្លាក់ចុះរយ:ពេលបីខែជាប់ៗគ្នា គិតនៅត្រឹមខែកញ្ញា ដោយនេះហាក់បានគូសបញ្ជាក់ពីតម្រូវការនៅតែមានភាពទន់ខ្សោយខ្លាំង បើទោះជាមានកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការធ្វើឱ្យវិស័យអចលនទ្រព្យ ងើបឡើងមកវិញក៏ដោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters ដោយផ្នែកលើទិន្នន័យដែលទទួលបានពីស្ថិតិជាតិ (NBS) បានបង្ហាញឱ្យដឹងថា តម្លៃផ្តះថ្មី នៅក្នុងខែកញ្ញា បានធ្លាក់ចុះ ០,២% បន្ទាប់ពីការធ្លាក់ចុះ ០,៣% នៅក្នុងខែសីហា ។

កន្លងមកប្រទេសចិន បានព្យាយាមជំរុញគោលនយោបាយផ្សេងៗ ក្នុងរយ:ពេលប៉ុនា្មនសប្តាហ៍ថ្មីៗនេះ ដូចជាការបន្ធូរបន្ថយច្បាប់នៃការខ្ចីប្រាក់ និងការលុបចោលនូវការទប់ស្កាត់ចំពោះការទិញផ្ទះ នៅក្នុងទីក្រុងមួយចំនួន ដើម្បីទប់ទល់ការធ្លាក់ចុះនៃអចលនទ្រព្យ ។

ជម្រាបជូនផងដែរថា គោលនយោបាយទាំងនោះ ហាក់បានជួយជំរុញដល់តម្រូវការលំនៅឋាន នៅក្នុងទីក្រុងមួយចំនួន ប៉ុន្តែតម្រូវការនៅតែមានភាពទន់ខ្សោយនៅក្នុងទីក្រុងតូចៗ​ ដែលមានការផ្គត់ផ្គង់លើសតម្រូវការ ចំពេលវិស័យអចលនទ្រព្យយនៅទូទាំងប្រទេស នៅតែស្ថិតក្នុងវិបត្តិនៅឡើយ ៕