មហាសេដ្ឋីអចលនទ្រព្យអាមេរិកមួយរូប ដាក់ជួលដីក្នុងមួយឆ្នាំតម្លៃតែ ១ដុល្លារ

អន្តរជាតិ

មហាសេដ្ឋីអចលនទ្រព្យអាមេរិក លោក John Sobrato កំពុងរិះរកមធ្យោបាយ​ក្នុងការដោះស្រាយ​វិបត្តិគ្មានផ្ទះ​សម្បែង​ នៅតំបន់ Bay Area ដោយបានប្រកាសថា លោកនឹងដាក់ជួលដី​ដែលមានទំហំជិត ១ហិកតា ក្នុងតម្លៃត្រឹមតែ ១ដុល្លារប៉ុណ្ណោះ ក្នុងមួយឆ្នាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Observer បានបង្ហាញថា ទីតាំងដីដែលមហាសេដ្ឋីអាមេរិកដាក់ជួលនោះ នឹងត្រូវយកមកសាងសង់គម្រោងផ្ទះ ១៥០បន្ទប់ នៅទីក្រុង San Jose រដ្ឋ California។

គម្រោងមួយនេះត្រូវបានអនុញ្ញាតដោយក្រុមប្រឹក្សាក្រុង San Jose កាលពីថ្ងៃទី១៧ ខែតុលា ខណៈគេរំពឹងថា វាអាចនឹងបង្កើនគំនិតច្នៃប្រឌិត និងដោះស្រាយបញ្ហាផ្ទះសម្បែងនៅក្នុងតំបន់។

ក្រៅពីដាក់ជួលដីក្នុងតម្លៃត្រឹមតែ ១ដុល្លារក្នុងមួយឆ្នាំ ក្រុមហ៊ុនរបស់លោកក៏នឹងធ្វើការ​បញ្ចុះតម្លៃរហូតដល់ ៣លានដុល្លារ ទៅលើក្រុមហ៊ុនណាដែលចង់មកអភិវឌ្ឍគម្រោងមួយនេះ ស្របពេលតម្លៃនៃការសាងសង់គម្រោងមួយនេះ មានតម្លៃប្រហែល ១៨លានដុល្លារ។

សូមជម្រាបដែរថា លោក Sobrato គឺជាស្ថាបនិកក្រុមហ៊ុន Sobrato Organization ដែលជាក្រុមហ៊ុន​អចលនទ្រព្យ ដែលមានក្រុមហ៊ុនធំៗដូចជា Netflix, Apple និង Amazon ជាដើម សុទ្ធតែជួល​ដីរបស់លោក បើកការិយាល័យ ខណៈទ្រព្យសម្បត្តិរបស់មហាសេដ្ឋីអាមេរិករូបនេះ មានប្រមាណ ៥,៣ពាន់លានដុល្លារ៕