មហាសេដ្ឋីអាមេរិក លោក Ken Griffin បានប្រកាសពីគ្រោងសាងសង់ភូមិគ្រឹះមួយខ្នង នៅតាមបណ្ដោយឆ្នេរ Palm Beach នៅរដ្ឋ Florida ដែលមានតម្លៃប្រមាណ ១ពាន់លានដុល្លារ ក្រោយបញ្ចប់ការសាងសង់។
យោងតាមការចុះផ្សាយពីគេហទំព័រ NYPost បានរាយការណ៍ថា ភូមិគ្រឹះមួយខ្នងនេះនឹងក្លាយជាអចលនទ្រព្យមានតម្លៃថ្លៃបំផុតលើលោក ក្រោយបញ្ចប់ការសាងសង់ ខណៈមហាសេដ្ឋីអាមេរិកគ្រោងចាយលុយចន្លោះពី ១៥០ ទៅ ៤០០លានដុល្លារ ដើម្បីសាងសង់វា។
ប្រភពក្នុងវិស័យអចលនទ្រព្យមួយបានបង្ហើបថា បើសិនជាលោក Griffin ចាយលុយប្រហែលកន្លះពាន់លានដុល្លារ ទិញដីនៅតំបន់ Palm Beach ហើយចាយថែម ១៥០លានដុល្លារ សង់ផ្ទះថ្មីមួយខ្នង អចលនទ្រព្យមួយនេះនឹងមានតម្លៃយ៉ាងតិច ១ពាន់លានដុល្លារ គិតតាមតម្លៃផ្ទះនាពេលបច្ចុប្បន្ន។
ជាមួយគ្នានេះ លោក Griffin បានសន្សំដីទុកនៅតំបន់ Palm Beach នេះ រហូតដល់ប្រមាណជិត ១១ហិកតា ក្នុងរយៈពេលប៉ុន្មានឆ្នាំ ខណៈគម្រោងសាងសង់អចលនទ្រព្យដ៏មហាសាលមួយនេះ គឺមានចំងាយត្រឹម ៤០០ម៉ែត្រប៉ុណ្ណោះ ពីផ្ទះអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលតំបន់នោះគេឲ្យឈ្មោះថា ជាប្លុកមហាសេដ្ឋីរស់នៅ៕