ក្រុមហ៊ុនផ្គត់ផ្គង់របស់ Tesla ចំនួនពីរ គ្រោងបោះទុនវិនិយោគជិត ១ពាន់លានដុល្លារ នៅម៉ិកស៊ិក

អន្តរជាតិ

ក្រុមហ៊ុនខ្នាតយក្សរបស់ប្រទេសចិនចំនួនពីរ ដែលជាអ្នកផ្គត់ផ្គង់ដ៏សំខាន់របស់ក្រុមហ៊ុន Tesla បានប្រកាសថាខ្លួន គ្រោងនឹងបោះទុនវិនិយោគទឹកប្រាក់ជិន ១ពាន់លានដុល្លារ នៅក្នុងរដ្ឋ Nuevo Leon ភាគខាងជើងនៃប្រទេសម៉ិកស៊ិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្រកាសនេះត្រូវបានធ្វើឡើង បន្ទាប់ពីអភិបាលរដ្ឋ Nuevo Leon លោក Samuel Garcia បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងសៀងហៃ ដើម្បីជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុនរបស់ចិនទាំងពីរ កាលពីថ្ងៃពុធ។

មិនតែប៉ុណ្ណោះ​ លោក Samuel បានគូសបញ្ជាក់ទៀតថា ការវិនិយោគដែលបានគ្រោងទុកនេះ រួមមានការបោះទុនចំនួន ៧០០លានដុល្លារ ពីសំណាក់ក្រុម Ningbo Tuopu Group និង ២៦០លានដុល្លារ ផ្សេងទៀតពីក្រុមហ៊ុន Hesai Technology ។

ជម្រាបជូនផងដែរថា ជុំវិញផែនការនៃការវិនិយោគនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុន Tesla បានប្រកាសកាលពីខែមីនាថា ខ្លួននឹងសាងសង់រោងចក្រដ៏ធំមួយ នៅក្នុងរដ្ឋ Nuevo Leon ដែលមានតម្លៃដល់ទៅ ៥ពាន់លានដុល្លារ។

លើសពីនេះមន្ត្រីរដ្ឋ Nuevo Leon បាននិយាយទៀតថានៅពេលរោងចក្ររបស់ក្រុមហ៊ុន Ningbo សាងសង់រួចរាល់ វាត្រូវបានគេរំពឹងថានឹងអាចបង្កើតការងារថ្មីៗបានប្រហែល ១០ ០០០ កន្លែង ស្របពេលរោងចក្ររបស់ក្រុមហ៊ុន Hesai នឹងអាចបង្កើតការងារបាន ៤ ០០០ កន្លែងបន្ថែមទៀត ៕​