រដ្ឋាភិបាលអ៊ីស្រាអែល បានធ្វើការព្រមានទៅកាន់សមាជិកក្រុមហាម៉ាសទាំងអស់ថា ពួកគេនឹងប្រឈមនឹងសេចក្ដីស្លាប់ នៅពេលដែលអ៊ីស្រាអែលវាយប្រហារលើតំបន់ Gaza ហើយថ្មីៗនេះ អ៊ីស្រាអែលបានដាក់ឈ្មោះមេដឹកនាំក្រុមហាម៉ាស ២រូប ទៅក្នុងបញ្ជីតាមប្រមាញ់សម្លាប់របស់ខ្លួន។
យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានរាយការណ៍ថា អ្នកយុទ្ធសាស្ត្រយោធា Mohammed Deif និងមេដឹកនាំនយោបាយ Yahya Sinwar ដែលកំពុងស្ថិតក្នុងរ៉ាដារបស់អ៊ីស្រាអែល ធ្លាប់បានជាប់ពន្ធនាគារទាំងនៅអ៊ីស្រាអែល និងប៉ាឡេស្ទីន ខណៈពួកគេទាំង ២នេះ គឺសុទ្ធតែមានឈ្មោះក្នុងបញ្ជីតាមសម្លាប់ជាច្រើនសារមកហើយ។
គួររំលឹកដែរថា លោក Sinwar និងលោក Deif គឺជាក្បាលម៉ាស៊ីន និងចាំបញ្ជាក្រុមហាម៉ាសពីក្រោយខ្នង ខណៈកាលពីឆ្នាំ២០១៥ សហរដ្ឋអាមេរិកបានចាត់ទុកបុគ្គលទាំង២រូបនេះ ជាភេរវករអន្តរជាតិ ត្រូវតាមចាប់ខ្លួនឲ្យលឿនបំផុត។
សូមជម្រាបដែរថា រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានព្រមានទៅកាន់ក្រុមឧទ្ទាមហាម៉ាសថា ពួកគេមានជម្រើសតែ ២ប៉ុណ្ណោះគឺ ការស្លាប់ និងការចុះចាញ់ដោយគ្មានលក្ខខណ្ឌ ប៉ុន្តែក្រុមហាម៉ាសបានឆ្លើយតបវិញភ្លាមៗថា ពួកគេមិនខ្លាចនឹងការព្រមាននោះសោះឡើយ៕