អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី អ្នកស្រី Maria Zakharova បាននិយាយថា សម្ដីរបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន ដែលហៅការផ្ដល់ជំនួយទៅកាន់អ៊ុយក្រែន និងអ៊ីស្រាអែល គឺជា “ការវិនិយោគឆ្លាតវៃ” ប្រៀបដូចជាការប្រមាថ ហើយពួកគេកំពុងកេងផលប្រយោជន៍ពីវា ជាជាងការរិះរកដំណោះស្រាយបញ្ចប់សង្គ្រាម។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា កាលពីថ្ងៃទី២០ ខែតុលា លោក បៃដិន បាននិយាយថា ការជួយដល់សម្ព័ន្ធមិត្តអាមេរិកទាំង២ គឺជាការវិនិយោគឆ្លាតវៃ ដែលនឹងផ្ដល់ផលប្រយោជន៍ដល់ជនជាតិអាមេរិក លើផ្នែកសន្តិសុខបានតជំនាន់ឯណោះ។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបានប្រតិកម្ម នឹងការលើកឡើងរបស់មេដឹកនាំអាមេរិក ដោយនិយាយថា៖ ពួកគេធ្លាប់ហៅវាថា ជាការប្រយុទ្ធដើម្បីសេរីភាព និងលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែពេលនេះពួកគេបែរជាគិតថា សង្គ្រាមគឺជាការវិនិយោគទៅវិញ។
អ្នកស្រី Zakharova បន្ថែមទៀតថា៖ សង្គ្រាមបានក្លាយជាការវិនិយោគរបស់អាមេរិក ដោយសារតែវាមិនកើតឡើងនៅលើទឹកដីអាមេរិក ដូច្នេះពួកគេមិនខ្វល់ពីការខាតបង់ របស់ប្រទេសដែលកំពុងមានសង្គ្រាមឡើយ ហើយពួកគេខ្វល់តែពីប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ៕