ក្រុមហ៊ុន Honda Motor របស់ប្រទេសជប៉ុនកំពុងសហការជាមួយក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិក General Motors (GM) ដើម្បីបើកដំណើរការប្រើប្រាស់សេវាកម្មតាក់ស៊ីបើកបរដោយខ្លួនឯង នៅក្នុងទីក្រុងតូក្យូនាឆ្នាំ ២០២៦ខាងមុខ។
តាមរយៈប្រភពពីសារព័ត៌មាន NHK បានបង្ហើបថា គម្រោងមួយនេះក៏មានការចូលរួមពីក្រុមហ៊ុន Cruise ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន GM ផងដែរ ខណៈភាគីទាំងបីមានគោលបំណងបណ្តាក់ទុនរួមគ្នានៅឆមាសទីមួយនាឆ្នាំក្រោយ។
ក្នុងនោះដែរ បើតាមក្រុមហ៊ុន Honda បាននិយាយថា ក្រុមហ៊ុននឹងប្រើប្រាស់បច្ចេកវិទ្យាគ្មានមនុស្សបើក Level-4 ដែលវាមានសមត្ថភាពអាចអនុញ្ញាតអោយរថយន្តបើកបរដោយស្វ័យប្រវត្តិ និងមានសុវត្ថិភាព។
មួយវិញទៀត រថយន្តនេះអាចធ្វើដំណើរបានដោយសេរីតាមដងផ្លូវណាមួយក៏បាន អាស្រ័យលើការបញ្ជាតាមទិសដៅរបស់អ្នកដំណើរចង់ទៅ ខណៈពួកគេនឹងចាប់ផ្តើមដំណើរការជាមួយតាក់ស៊ីបើកបរដោយខ្លួនឯងរាប់សិបគ្រឿង ឬអាចពង្រីកតាក់ស៊ីទាំងនោះរហូតដល់ទៅ ៥០០គ្រឿងឯណោះ។
សូមជម្រាបថា រថយន្តគំរូរបស់ពួកគេនឹងត្រូវដាក់បង្ហាញជាលើកដំបូង នាឯប្រទេសជប៉ុនក្នុងកម្មវិធី Japan Mobility Show នៅចុងខែតុលានេះ៕