យោងតាមទិន្នន័យពីគយចិន បានបង្ហាញនៅថ្ងៃសុក្រនេះថា ការនាំចេញរបស់ប្រទេសចិន ទៅកាន់កូរ៉េខាងជើង បានបន្តកើនឡើង គិតនៅក្នុងខែកញ្ញា ខណ:ត្រូវបានជំរុញដោយការនាំចេញទំនិញសំខាន់ៗដូចជារោមចៀម សក់ពាក់ក្លែងក្លាយ និងផលិតផលកសិកម្មជាដើម។
បើតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញឱ្យដឹងទៀតថា ការនាំចេញរបស់ចិន ទៅកាន់កូរ៉េខាងជើង នៅក្នុងខែកញ្ញា បានកើនឡើង ១៥,៩% ក្នុងចំនួនទឹកប្រាក់ ១៨៨,៧លានដុល្លារ។
គួរឱ្យដឹងផងដែរថា ចំពោះទំនិញសំខាន់ ដែលប្រទេសចិន បាននាំចេញទៅកាន់ទីក្រុងព្យុងយ៉ាង រួមមានសក់ពាក់ក្លែងក្លាយ រោមចៀម ក្រែម ម្សៅស្រូវសាលី ប្រេងសណ្តែកសៀង ស្ករគ្រាប់ និងអង្ករ។
ជម្រាបជូនថា ការនាំចេញសរុបពីប្រទេសចិន ទៅកូរ៉េខាងជើងបានកើនឡើងដល់ ១,៤ពាន់លានដុល្លារ ក្នុងអំឡុងខែមករាដល់ខែកញ្ញា ពោលគឺបានកើនឡើង ១៧៩,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕