ក្រុមហ៊ុនអឺរ៉ុប សន្យាបោះទុនវិនិយោគ ២ពាន់លានដុល្លារ ក្នុងថាមពលកកើតឡើងវិញរបស់ឥណ្ឌូនេស៊ី

អន្តរជាតិ

ក្រុមហ៊ុននៅអឺរ៉ុបជាច្រើន កំពុងធ្វើការប្តេជ្ញាចិត្ត ក្នុងការមកបោះទុនវិនិយោគទឹកប្រាក់សរុបប្រមាណ ២ពាន់លានដុល្លារ ក្នុងវិស័យថាមពលកកើតឡើងវិញ នៅប្រទេសឥណ្ឌូនេស៊ី អំឡុងវេទិកាធុរកិច្ចឥណ្ឌូនេស៊ី-អឺរ៉ុប (IEBF) ដែលប្រារព្ធធ្វើឡើងនាពេលថ្មីៗនេះ នៅទីក្រុងហ្សាកាតា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមក្រសួងការបរទេសឥណ្ឌូនេស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ទី១៩ ខែតុលា ថា ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអឺរ៉ុបទាំងនេះ គឺចង់ជួយជំរុញដល់ការផ្លាស់ប្តូរថាមពលរបស់ប្រទេសឥណ្ឌូនេស៊ី ដែលកំពុងមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស។ ​

ទោះបីជាអត្តសញ្ញាណរបស់ក្រុមវិនិយោគិនទាំងនោះ មិនត្រូវបានបង្ហាញឱ្យដឹងក៏ដោយ ប៉ុន្តែមន្ត្រីការទូតជាន់ខ្ពស់ឥណ្ឌូនេស៊ី លោក Umar Hadi បានចែករំលែកថា ការប្តេជ្ញាចិត្តចំពោះការវិនិយោគនេះ គឺមានតម្លៃប្រហែល ៥ដងនៃកិច្ចព្រមព្រៀងប្រតិបត្តិការរបស់ IEBF និង INA-LAC ដែលធ្លាប់បានធ្វើកន្លងមក ។

លោក Umar បានបន្ថែមឱ្យដឹងទៀតថា មួយក្នុងចំណោមកិច្ចព្រមព្រៀងនេះ គឺជាអនុស្សរណៈនៃការយោគយល់ (MOU) ស្តីពីកិច្ចសហប្រតិបត្តិការរវាង Ecoener ដែលជាក្រុមហ៊ុនអភិវឌ្ឍថាមពលកកើតឡើងវិញរបស់ប្រទេសអេស្ប៉ាញ និង Dredolf ដែលជាក្រុមហ៊ុនរបស់ឥណ្ឌូនេស៊ី មានឯកទេសក្នុងប្រតិបត្តិការ និងថែទាំ សម្រាប់ការផលិតថាមពល និងការចែកចាយអគ្គិសនី។

ជម្រាបជូនផងដែរថា វិនិយោគិនធំៗរបស់​អឺរ៉ុប ​ហាក់​ដូច​ជា​កំពុងងាកមកផ្តោតលើប្រទេស​ឥណ្ឌូនេស៊ីកាន់តែច្រើន ខណ:កាល​ពី​សប្តាហ៍​មុន ក្រុមហ៊ុន​អឺរ៉ុប​មួយ​ ក៏បាន​ប្រកាស​ពី​គម្រោង​សាងសង់​រោងចក្រ​ចម្រាញ់​រ៉ែនីកែល ​ក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ ផងដែរ៕