ក្រុមហ៊ុនខ្នាតយក្សរបស់ចិនគឺ Alibaba Group បានប្រកាស ពួកគេ នឹងធ្វើការបញ្ចុះតម្លៃដ៏ពិសេស សម្រាប់ព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលមានឈ្មោះថា Singles Day ធ្វើឡើងនាថ្ងៃទី១១ ខែវិច្ឆិកា។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានរាយការណ៍ថា នៅក្នុងព្រឹត្តិការណ៍មួយនេះ Alibaba បានបង្ហើបថា ពួកគេនឹងបញ្ចុះតម្លៃសម្រាប់ទំនិញច្រើនជាង ៨០លានប្រភេទ នៅក្នុងតម្លៃទាបបំផុតនាឆ្នាំនេះ។
បន្ថែមពីនោះ ក្រុមហ៊ុនរបស់មហាសេដ្ឋីចិន Jack Ma ក៏សន្យាថែមទៀតថា ទីផ្សារ Tmall និងគេហទំព័រ Taobao នឹងបញ្ចុះតម្លៃ ១៥% ថែមទៀត សម្រាប់ផលិតផលមួយចំនួន ដែលអាចប្រើប្រាស់ប័ណ្ណបញ្ចុះតម្លៃបាន។
សូមជម្រាបដែរថា អត្រាលក់របស់ក្រុមហ៊ុន Alibaba កំពុងបង្ហាញសញ្ញាវិជ្ជមានឡើងវិញ ក្រោយខកខានប៉ុន្មានឆ្នាំ ដោយសារការបង្ក្រាបរបស់រដ្ឋាភិបាលចិនលើវិស័យបច្ចេកវិទ្យា ពោលប្រាក់ចំណូលត្រីមាសទី២ របស់ពួកគេកើនឡើង ១៤% ប្រមាណ ២៣៤ពាន់លានយ៉ន់ ឬប្រហែល ៣២,៣ពាន់លានដុល្លារ ច្រើនជាងការប៉ាន់ស្មានទុករបស់សារព័ត៌មាន Bloomberg និង Refinitiv ដែលធ្លាប់ព្យាករណ៍ថាមានតែ ២២៤ពាន់លានយ៉ន់៕