ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានដាក់សំណើទៅកាន់រដ្ឋសភា ក្នុងគោលបំណងសុំឲ្យពួកគេអនុម័តលើការបញ្ចេញកញ្ចប់ទឹកប្រាក់ច្រើនជាង ១០៥ពាន់លានដុល្លារ ដើម្បីជួយដល់សម្ព័ន្ធមិត្តរបស់ខ្លួនដូចជា ប្រទេសអ៊ីស្រាអែល និងអ៊ុយក្រែន។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Alijazeera បានបង្ហាញថា សេតវិមានបានដាក់សំណើទៅកាន់រដ្ឋសភា កាលពីថ្ងៃសុក្រសប្ដាហ៍មុន ដើម្បីពន្លឿនការផ្ដល់ជំនួយទៅកាន់សម្ព័ន្ធមិត្តរបស់ខ្លួនទាំង ២ ដែលកំពុងមានសង្គ្រាម។
កញ្ចប់ជំនួយមួយនេះ នឹងជួយអ៊ីស្រាអែល និងអ៊ុយក្រែន លើការផ្គត់ផ្គង់ជំនួយមនុស្សធម៌ និងផ្នែកសព្វាវុធ ក៏ដូចជាជួយប្រជាជននៅតំបន់ Gaza និងបញ្ហាការអនុវត្តច្បាប់អន្តោប្រវេសន៍ នៅតាមបណ្ដោយព្រំដែនអាមេរិក និងម៉ិកស៊ិកជាដើម។
ជាមួយគ្នានោះ ទឹកប្រាក់ច្រើនជាង ៦១ពាន់លានដុល្លារ នឹងត្រូវផ្ដល់ជូនប្រទេសអ៊ុយក្រែន ខណៈ ១៤ពាន់លានដុល្លារ ត្រូវផ្ដល់ទៅកាន់ប្រទេសអ៊ីស្រាអែល ៩ពាន់លានដុល្លារជួយដល់ផ្នែកមនុស្សធម៌ និង ១៤ពាន់លានដុល្លារទៀត សម្រាប់ដោះស្រាយបញ្ហាច្បាប់អន្តោប្រវេសន៍នៅតំបន់ព្រំដែនអាមេរិក៕