រដ្ឋាភិបាល កំពុងដាក់គោលដៅលើក្រុមហ៊ុន Foxconn ជុំវិញការស៊ើបអង្កេតលើការប្រើប្រាស់ដីនៅចិន

អន្តរជាតិ

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុនតៃវ៉ាន់ Foxconn ដែលជាអ្នកផ្គត់ផ្គង់ធំជាងគេបំផុតរបស់ Apple កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតយ៉ាងតឹងរ៉ឹងបំផុត ទៅលើផ្នែកពន្ធដារ នៅតាមក្រុមហ៊ុនបុត្រសម្ព័ន្ធសំខាន់ៗមួយចំនួនរបស់ពួកគេ ដែលជាប់សង្ស័យថាបានបំពានច្បាប់ និងបទប្បញ្ញតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការចុះផ្សាយពីកាសែត Global Times បានអះអាងថា នាយកដ្ឋានធនធានធម្មជាតិរបស់ចិន នឹងធ្វើការស៊ើបអង្កេតចំពោះការប្រើប្រាស់ដីរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ Foxconn ដែលស្ថិតនៅក្នុងខេត្ត Henan , Hubei និងនៅកន្លែងផ្សេងទៀត ប៉ុន្តែមិនបានបញ្ជាក់​លម្អិត​អំពី​ការ​ស៊ើប​អង្កេត ឬ​ពេល​វេលា​ជាក់លាក់ណាមួយនោះឡើយ។

យ៉ាងណាមិញ លោក Zhang Wensheng ព្រឹទ្ធបុរសរងនៃវិទ្យាស្ថានស្រាវជ្រាវតៃវ៉ាន់ នៃសាកលវិទ្យាល័យ Xiamen បានប្រាប់កាសែត Global Times ថា សវនកម្ម និងការស៊ើបអង្កេតចំពោះការប្រើប្រាស់ដីនេះ គឺជានីតិវិធីធម្មតាប៉ុណ្ណោះ ដែលធ្វើឡើងដោយក្រសួងពាក់ព័ន្ធ ហើយវានឹងត្រូវអនុវត្តលើចំពោះសហគ្រាស ដែលមានជាប់សង្ស័យថាបានបំពានច្បាប់ និងបទប្បញ្ញត្តិ។

លោក Zhang បាននិយាយទៀតថា ៖ “ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Foxconn មានកាតព្វកិច្ចសហការយ៉ាងសកម្មជាមួយសវនកម្ម និងការស៊ើបអង្កេតនេះ ហើយប្រសិនបើពិតជាមានការបំពានច្បាប់ និងបទប្បញ្ញត្តិមែន នោះពួកគេគួរតែទទួលស្គាល់កំហុស ទទួលយកការពិន័យ និងបង្កើនការកែតម្រូវឡើងវិញ” ។

ជុំវិញបញ្ហានេះ ក្រុមហ៊ុន Foxconn ក៏បានចេញមុខឆ្លើយតបតាមរយ:សេចក្តីថ្លែងការណ៍មួយថា ៖ ” ការអនុលោមតាមច្បាប់គឺស្ថិតនៅគ្រប់ទីកន្លែងទាំងអស់ ដែលក្រុមហ៊ុនយើងធ្វើប្រតិបត្តិការ ហើយនេះគឺជាគោលការណ៍គ្រឹះរបស់ Hon Hai Technology Group (Foxconn)។ យើងនឹងបន្តសហការយ៉ាងសកម្មជាមួយអង្គភាពពាក់ព័ន្ធទាំងអស់”៕