តាមរយៈការចុះផ្សាយពីប្រភពសារព័ត៌មាន Reuters បានបង្ហាញថា ក្រុមហ៊ុន Hyundai Motor Group ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់កូរ៉េខាងត្បូងបាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នា ជាមួយមូលនិធិវិនិយោគសាធារណៈរបស់អារ៉ាប៊ីសាអូឌីត (PIF) ដើម្បីសាងសង់រោងចក្រដំឡើងរថយន្តតម្លៃខ្ទង់រាប់រយលានដុល្លារ នៅក្នុងប្រទេសដែលស្ថិតនៅតំបន់មជ្ឈិមបូព៌ាមួយនេះ។
បើតាម PIF បានប្រកាសនៅក្នុងវេទិកាធុរកិច្ចរវាងអារ៉ាប៊ីសាអូឌីត និងកូរ៉េថា រោងចក្រមានបំណងផលិតរថយន្តទាំងពីរប្រភេទគឺ ប្រភេទម៉ាស៊ីនចំហេះខាងក្នុង (ICE) និងប្រភេទរថយន្តអគ្គិសនី (EV) អោយបានចំនួន ៥០ ០០០គ្រឿងក្នុងមួយឆ្នាំ ខណៈរោងចក្រនេះនឹងបើកការដ្ឋានសាងសង់នាឆ្នាំ ២០២៤ ខាងមុខ ហើយការផលិតត្រូវបានគេរំពឹងទុកថានឹងចាប់ផ្តើមនៅឆ្នាំ ២០២៦។
មិនត្រឹមតែប៉ុណ្ណោះ ការវិនិយោគទុនទាំងមូលរបស់គម្រោងនេះ ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនលើសពី ៥០០លានដុល្លារ ហើយបើយោងតាមក្រុមហ៊ុនបានបញ្ជាក់ទៀតនោះ PIF នឹងកាន់កាប់ភាគហ៊ុនចំនួន ៧០% ស្របពេលក្រុមហ៊ុន Hyundai កាន់កាប់ភាគហ៊ុនដែលនៅសល់ចំនួន ៣០% ។
សូមជម្រាបបន្ថែមថា ក្រុមហ៊ុន Hyundai ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MOU) ជាមួយវិទ្យាស្ថានបច្ចេកវិទ្យារថយន្តកូរ៉េ ក៏ដូចជាក្រុមហ៊ុន Air Products Qudra និងក្រុមហ៊ុនដឹកជញ្ជូនសាធារណៈអារ៉ាប៊ីសាអូឌីត (SAPTCO) ដើម្បីបង្កើតប្រព័ន្ធអេកូចល័តអ៊ីដ្រូសែននៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតផងដែរ៕