ព្រះអង្គម្ចាស់ William គ្រោងនឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរី នាខែវិច្ឆិកា រយៈពេល ៤ថ្ងៃ ដើម្បីចូលរួមកម្មវិធី Earthshot Prize ប្រចាំឆ្នាំ ដែលផ្ដល់ប្រាក់រង្វាន់ទៅកាន់បុគ្គល ៥រូប ដែលមានដំណោះស្រាយល្អបំផុត សម្រាប់បញ្ហាបរិស្ថានទូទាំងសកលលោក។
យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានរាយការណ៍ថា រាជទាយាទចក្រភពអង់គ្លេស នឹងចូលរួមជាមួយក្រុមសកម្មជន អ្នកនយោបាយ និងអ្នកច្នៃប្រឌិតជាច្រើនរូប នៅក្នុងកម្មវិធីមួយនោះ ដែលនឹងធ្វើឡើងនាថ្ងៃទី០៧ ខែវិច្ឆិកា។
“ព្រះអង្គម្ចាស់ នឹងចំណាយពេលជួបជាមួយប្រជាជនសិង្ហបុរី និងសិក្សាពីរៀបវិរៈនៃការធ្វើការរបស់អង្គការនៅក្នុងតំបន់ ដើម្បីការពារ និងថែរក្សាផែនដី ពីគ្រោះមហន្តរាយនានាដូចជា ភ្លើងឆេះព្រៃ ការការពារព្រៃលិចទឹក ដែលជាជម្រកសត្វព្រៃជាដើម”។ នេះបើតាមការបញ្ជាក់ពីវិមាន Kensington។
សូមជម្រាបដែរថា ដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់ William ទៅកាន់ទីក្រុងសាំងហ្គាពួរ កើតឡើងក្រោយខកខានរយៈពេលជាង ១០ឆ្នាំ ខណៈបន្ទាប់ពីបញ្ចប់ភារកិច្ចនៅទីនោះ ទ្រង់ក៏នឹងចូលរួមកិច្ចប្រជុំកំពូល United for Wildlife Global ផងដែរ៕