យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ប្រមុខការទូតចិន លោក Wang Yi នឹងធ្វើទស្សនកិច្ចយ៉ាងកម្រ ទៅកាន់ទីក្រុងវ៉ាស៊ីងតោននាសប្ដាហ៍នេះ ខណៈវាអាចជាការបើកផ្លូវ សម្រាប់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ក្នុងការធ្វើដំណើរទៅកាន់មហាអំណាចលោកខាងលិច។

ក្នុងដំណើរទស្សនកិច្ចលើកដំបូង បន្ទាប់ពីខកខានជិត ៥ឆ្នាំ ប្រមុខការទូតចិន នឹងចំណាយពេលពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍ ជជែកទល់មុខជាមួយភាគីអាមេរិក ជុំវិញបញ្ហាការធ្វើពាណិជ្ជកម្ម សង្គ្រាមនៅអ៊ុយក្រែន សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា បញ្ហាកោះតៃវ៉ាន់ និងសកម្មភាពនៅតំបន់សមុទ្រចិនខាងត្បូង។
“ពួកយើងជឿថា ការជជែកទល់មុខគ្នា គឺជាមធ្យោបាយល្អបំផុត ក្នុងការរកដំណោះស្រាយសម្រាប់បញ្ហាដែលកំពុងកើតមាន ជៀសវៀងការយល់ច្រលំ និងខ្វែងគំនិតគ្នា ខណៈវាក៏នឹងជួយឲ្យប្រទេសទាំង ២ អាចធ្វើការជាមួយគ្នាផងដែរ”។ នេះបើតាមសម្ដីរបស់មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបាននិយាយ។
សូមជម្រាបដែរថា ប៉ុន្មានខែចុងក្រោយនេះ ទាំងអាមេរិក និងចិន ហាក់ព្យាយាមមិនបង្កជម្លោះ ខណៈកាលពីខែមុនមេដឹកនាំសភាភាគច្រើន លោក Chuck Schumer បានជួបជជែកជាមួយមេដឹកនាំកំពូលចិន ដោយបានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងអាមេរិក និងចិន នឹងកំណត់ជោគវាសនា របស់មនុស្សជាតិនាពេលអនាគត៕