កិច្ចព្រមព្រៀងទិញនាវាមុជទឹករវាងថៃ និងចិន ជាប់គាំង ក្រោយអាល្លឺម៉ង់មិនព្រមលក់ម៉ាស៊ីនអោយ

អន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិថៃបាននិយាយថា រដ្ឋាភិបាលថៃអាចនឹងប្តូរចិត្តទិញនាវាចម្បាំងជំនួសនាវាមុជទឹកពីប្រទេសចិនវិញ បន្ទាប់ពីក្រុមហ៊ុនផលិតរបស់ចិនមិនអាចបំពាក់ម៉ាស៊ីនដែលជាផលិតផលរបស់អាល្លឺម៉ង់បាន ដូចដែលធ្លាប់បានបញ្ជាក់នៅក្នុងកិច្ចព្រមព្រៀងដើម។ នេះបើតាមការចុះផ្សាយពីប្រភពសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រទេសថៃបានបង់ប្រាក់ចំនួន ៧ពាន់លានបាត (១៩៣,៧លានដុល្លារ) ដល់ប្រទេសចិន សម្រាប់ការទិញនាវាមុជទឹក Yuan Class S26T ជាមួយនឹងការបំពាក់ម៉ាស៊ីនម៉ាស៊ូតដែលផលិតដោយអាល្លឺម៉ង់ ប៉ុន្តែកិច្ចព្រមព្រៀងនេះត្រូវបានពន្យារពេល នៅពេលដែលអាល្លឺម៉ង់បានហាមឃាត់ការប្រើប្រាស់ម៉ាស៊ីនរបស់ខ្លួនសម្រាប់ការនាំចេញរបស់យោធាចិន។

យ៉ាងណាមិញមូលហេតុនៃការរឹតបន្តឹងនេះ ក៏មានការបញ្ជាក់ពីអនុព័ន្ធការពារជាតិរបស់អាល្លឺម៉ង់លោក Philipp Doert ផងដែរថា ប្រទេស​ចិន​មិន​បាន​សុំ​ ឬសម្របសម្រួល​ជាមួយ​ប្រទេស​អាល្លឺម៉ង់​មុន​ពេល​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​រវាង​ថៃ​និង​ចិន​ ដើម្បីមានសិទ្ធិអាចបំពាក់​ម៉ាស៊ីន​ MTU របស់​អាល្លឺម៉ង់ ចូលទៅក្នុងផ្នែកមួយនៃ​ផលិតផល​របស់​ពួកគេ​នោះ​ឡើយ។ នេះបើតាមប្រភពពីគេហទំព័រ New Mandala បានចុះផ្សាយកាលពីពេលកន្លងទៅ។

ក្នុងនោះដែរ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលថៃថ្មីលោក ស្រេតថា ថាវីស៊ីន បាននិយាយថា រូបលោកបានស្នើទៅកាន់ទីក្រុងប៉េកាំង នៅក្នុងអំឡុងកិច្ចប្រជុំកំពូលខ្សែក្រវ៉ាត់ និងផ្លូវកាលពីសប្តាហ៍មុនថា ខ្លួនចង់ទិញនាវាចម្បាំង ជំនួសឲ្យនាវាមុជទឹកវិញ។

ជាមួយគ្នា រដ្ឋមន្ត្រីការពារជាតិថៃលោក Sutin Klungsang បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយនៅថ្ងៃអង្គារនេះថា យើងបានស្នើទៅកាន់ប្រទេសចិន ហើយពួកគេកំពុងពិចារណាវា ដូច្នេះពួកយើងនឹងមានការពិភាក្សាបន្ថែមទៀតអំពីផែនការថ្មីនៅសប្តាហ៍ក្រោយ។

រដ្ឋមន្ត្រីការពារជាតិរូបនេះដដែលបាននិយាយកាលពីសប្តាហ៍មុនថា ការទិញនាវាមុជទឹកនឹងត្រូវផ្អាកសិននៅពេលនេះ ហើយការបញ្ជាទិញនឹងបន្តឡើងវិញ ប្រសិនបើការពិភាក្សានៃភាគីទាំងអស់ទទួលបានលទ្ធផលវិជ្ជមាន។

ជម្រាបដែរថា ប្រទេសថៃបានបញ្ចប់កិច្ចព្រមព្រៀងទិញនាវាមុជទឹកដំបូងក្នុងចំណោមនាវាមុជទឹកទាំងបីកាលពីឆ្នាំ ២០១៧ ក្នុងតម្លៃ ១៣,៥ពាន់លានបាត (៣៧៣,៥៥ លានដុល្លារ) ខណៈការបញ្ជាទិញនាវាមុជទឹកពីរផ្សេងទៀតត្រូវបានអនុម័តដោយសភានៅឆ្នាំ ២០២០ ក្នុងតម្លៃ ២២,៥ពាន់លានបាត (៦២២,៥៨លានដុល្លារ)៕