តាមរយៈប្រភពសារព័ត៌មាន Xinhua បានរាយការណ៍ថា ប្រទេសចិនបានធ្វើការរុះរើថ្នាក់ដឹកនាំកំពូលៗមួយចំនួនរបស់ខ្លូន ដោយក្នុងនោះក៏មានការដកតំណែងរដ្ឋមន្ត្រីការពារជាតិលោក Li Shangfu និងបានបណ្តេញអតីតរដ្ឋមន្ត្រីការបរទេស Qin Gang ចេញពីគណៈរដ្ឋមន្ត្រីរបស់ខ្លួនផងដែរ។

កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ រដ្ឋាភិបាលនៃប្រទេសចិនបានសម្រេចដកតំណែងលោក Li Shangfu ចេញពីសមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ។
ជាមួយគ្នានោះ តាមរយៈទូរទស្សន៍ CCTV បាននិយាយនៅក្នុងព្រឹត្តិបត្រព័ត៌មានរបស់ខ្លួនថា គណៈកម្មាធិការក៏បានដកតំណែងទីប្រឹក្សារដ្ឋរបស់លោក Qin Gang ផងដែរ។
ទន្ទឹមគ្នានេះ គណៈកម្មាធិការក៏បានដករដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាលោក Wang Zhigang និងរដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Liu Kun ចេញពីមុខតំណែងផងដែរ និងត្រូវបានជំនួសមកវិញដោយលេខាធិការក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាលោក Yin Hejun និងលេខាធិការក្រសួងហិរញ្ញវត្ថុលោក Lan Fo’an លើមុខតំណែងរៀងៗខ្លួន។
សូមជម្រាបដែរថា មួយរយៈចុងក្រោយនេះ មានការសង្ស័យថា ចិនកំពុងរុះរើគណៈរដ្ឋមន្ត្រីចាស់ៗ ពោលមន្ត្រីជាន់ខ្ពស់ចិនជាច្រើនរូបបានបាត់មុខពីសាធារណៈអស់រយៈពេលជាច្រើនខែ តួយ៉ាងលោក Li Shangfu បានបាត់ដំណឹងអស់ជាង ២ខែ និងត្រូវបានគេសង្ស័យថា លោកបានរបូតតំណែងជារដ្ឋមន្ត្រីការពារជាតិ តាំងពីខែកញ្ញាមកម៉្លេះ ស្របពេលលោក Qin Gang ក៏ធ្លាប់បាត់មុខមួយរយៈផងដែរ ហើយក្រោយមកលេចលឺថា មានទំនាក់ទំនងស្នេហាលួចលាក់ និងបានបាត់បង់តំណែងជារដ្ឋមន្ត្រីការបរទេស៕