ចិនបញ្ចេញមូលបត្របំណុលអធិបតេយ្យ ១៣៧ពាន់លានដុល្លារ ទ្រទ្រង់សេដ្ឋកិច្ចជាតិ

អន្តរជាតិ

កាលពីថ្ងៃទី២៤ ខែតុលា រដ្ឋាភិបាល​ចិនបានអនុម័ត លើការបញ្ចេញមូលបត្របំណុលអធិបតេយ្យ ចំនួន ១ទ្រីលានយ៉ន់ ឬប្រមាណ ១៣៧ពាន់លានដុល្លារ ដើម្បីជួយទ្រទ្រង់ដល់សេដ្ឋកិច្ច ដោយអនុញ្ញាតឲ្យរដ្ឋបាលក្នុងតំបន់អាចប្រើប្រាស់ទឹកប្រាក់ ទៅតាមកូតាដែលបាន​កំណត់សម្រាប់ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Xinhua បានបង្ហាញថា មូលបត្របំណុលជាង ១០០ពាន់លានដុល្លារនេះ នឹងជួយដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់ដែលជួបគ្រោះធម្មជាតិ និងអភិវឌ្ឍន៍ដល់តំបន់មួយចំនួនទៀត ដែលអាចប្រឈម​នឹងបញ្ហាមួយនេះ។

គួររំលឹកដែរថា កំណើនសេដ្ឋកិច្ចនៃមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ លើលោក មានការងើបឡើងយ៉ាងឆាប់រហ័ស នាត្រីមាសទី៣ ដែលធ្វើឲ្យពួកគេខិតកាន់តែជិត ជាមួយផែនការសម្រេចឲ្យបាន នូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ២០២៣ ចំនួន ៥%។

យ៉ាងណា អ្នកជំនាញនៅតែមានមន្ទិលសង្ស័យជុំវិញបញ្ហាមួយនេះ ដោយពួកគេសុទ្ធតែយល់​ថា ក្ដីបំណងរបស់ចិនអាចនឹងជួបឧបសគ្គ ដោយសារវិស័យអចលនទ្រព្យក្នុងស្រុក កំពុងជាប់គាំង ដ្បិតវិស័យមួយនេះ គឺជាចលករយ៉ាងសំខាន់ ក្នុងការរុញច្រានសេដ្ឋកិច្ចរបស់ចិនកន្លងមក។

ដូច្នេះហើយ ទើបមួយរយៈចុងក្រោយនេះ រដ្ឋាភិបាលចិនបានព្យាយាមរិះរកមធ្យោបាយ​ជាច្រើន ដើម្បីបង្កើនការគាំទ្រ ចំពោះវិស័យអចលនទ្រព្យ ដូចជា​លើកទឹកចិត្តដល់ក្រុមវិនិយោគិន ដោយផ្ដល់នូវប្រាក់ឧបត្ថម្ភ និងអត្ថប្រយោជន៍ជាច្រើន រួមទាំងការកាត់បន្ថយអត្រាការប្រាក់​ជាដើម៕